ប្រធានាធិបតីអ៊ុយក្រែនសម្រេចចុះហត្ថលេខាលើពាក្យសុំឱ្យអ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុប
(អន្តរជាតិ)៖កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឧទ្ធម្ភាគចក្ររបស់គណៈប្រតិភូអ៊ុយក្រែនបានចុះចតនៅតំបន់ Gomel នៃប្រទេសបេឡារុស ជាប់ព្រំដែនអ៊ុយក្រែន ដើម្បីទៅធ្វើការចរចារជាមួយគណៈប្រតិភូរុស្ស៊ី។ ការចរចារវាងអ៊ុយក្រែននិងរុស្ស៊ី បានចាប់ផ្តើមឡើងនៅតំបន់ព្រំដែនបេឡារុស-អ៊ុយក្រែន ដោយមានរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក និងទីប្រឹក្សាប្រធានាធិបតី ។បើតាមការចេញផ្សាយដោយទីភ្នាក់ងារAP បានធ្វើសេចក្តីរាយការណ៍ថា ការចរចាររវាងភាគីអ៊ុយក្រែន និងរុស្ស៊ី បានចំណាយពេលប្រមាណ៩០នាទី ដោយទទួលបានលទ្ធផលមិនច្បាស់លាស់ ហើយភាគីទាំងពីបានឯកភាពគ្នា ថានឹងបន្តកិច្ចចរចារនេះនៅជុំទី២បន្តទៀត ដោយអាចនឹងធ្វើឡើងនៅថ្ងៃទី៣មីនា។ យ៉ាងណាក៏ដោយ មុនជំនួបចរចាគ្នានេះ រដ្ឋាភិបាលអ៊ុយក្រែនបានទាមទារឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាបន្ទាន់មួយ ហើយ ឲ្យរុស្ស៊ីដកទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែន ខណៈប្រធានាធិបតីអ៊ុយក្រែនជំរុញឲ្យទាហានរុស្ស៊ីទម្លាក់អាវុធចុះ។
នៅយប់ថ្ងៃទី២៨កុម្ភៈ ឈានចូលដល់ថ្ងៃទី០១មីនា ប្រធានាធិបតីអ៊ុយក្រែន បានសម្រេចចិត្តចុះហត្ថលេខាទាំងតក់ក្រហលទៅលើពាក្យសុំឱ្យអ៊ុយក្រែន ចូលជាសមាជិកសហភាពអឺរ៉ុប ។បើយោងទៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់លោក Zelensky លោកបានសរសេរបញ្ជាក់ថា «ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើពាក្យសុំចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប។ ច្បាស់ណាស់ថានេះជាការពិត។គួរបញ្ជាក់ថា មុននឹងសម្រេចចិត្តចុះហត្ថលេខាទៅលើពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបនេះ លោក Zelenskyy បានជំរុញឲ្យសហភាពអឺរ៉ុបអនុញ្ញាតឲ្យប្រទេសរបស់លោក ចូលជាសមាជិកសហភាពអឺរ៉ុបភ្លាមៗតាមតែអាចធ្វើបាន។
យ៉ាងណាមិញ ក្រៅពីការទទួលបានលទ្ធផលមិនច្បាស់លាស់ក្នុងការចរចារជាមួយភាគីរុស្ស៊ី រួមទាំងការចុះហត្ថលេខាយ៉ាងតក់ក្រហលបំផុតរបស់ប្រធានាធិបតី Zelenskyy ដើម្បីឱ្យអ៊ុយក្រែនបានចូលជាសមាជិកសហភាពអឺរ៉ុប រឿងដែលកំពុងមានការចាប់អារម្មណ៍មួយផ្សេងទៀត ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បានសម្រេចឱ្យមានការដោះលែងអ្នកទោសដែលមានទំនាញខាងប្រយុទ្ធ ឱ្យចេញមកខាងក្រៅ ដើម្បីតទល់ជាមួយកងទ័ពរុស្ស៊ី។ថ្លែងតាមរយៈវីដេអូក្នុងគណនីហ្វេសបុកផ្ទាល់ខ្លួន លោក Zelenskyy បាននិយាយថា ការសម្រេចចិត្តនេះគឺ "មិនងាយស្រួលទេ " ប៉ុន្តែវាសមហេតុផលពីការការពារប្រទេសដែលហែកហួរដោយសង្រ្គាម។លោកក៏បានអំពាវនាវឱ្យទាហានរុស្ស៊ីដាក់អាវុធរបស់ពួកគេដោយអះអាងថា ទាហានរុស្ស៊ីជាង ៤.៥០០ នាក់ត្រូវបានសម្លាប់ដោយអ៊ុយក្រែនរួចហើយ។ លោកបន្តថា «បោះបង់ចោលឧបករណ៍របស់អ្នក ចេញពីទីនេះ»។ កុំជឿមេបញ្ជាការរបស់អ្នក។
គួរបញ្ជាក់ថា រហូតមកទល់ហ្នឹងពេលនេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារAP រូបភាពបង្ហាញពីផ្កាយរណប បានចាប់យកសកម្មភាពកងទ័ពរុស្ស៊ី ជាមួយក្បួនរថយន្តប្រយុទ្ធជាច្រើនគ្រឿង កំពុងធ្វើដំណើរទៅកាន់ទីក្រុងគៀវ ខណៈការប្រយុទ្ធគ្នានៅតែបន្តកើតមានឡើងរវាងកងទ័ពអ៊ុយក្រែន និងរុស្ស៊ី។ ជាមួយគ្នានោះ ក្រៅពីការប្រយុទ្ធគ្នា រវាងកងទ័ពទាំង២ គេក៏បានឃើញសកម្មភាពប្រជាជនអ៊ុយក្រែន សម្រេចចិត្តវិលត្រឡប់ចូលមកទីក្រុងគៀវវិញ គឺក្នុងគោលបំណង ចូលរួមតតាំង ប្រឆាំងនិងកងទ័ពរុស្ស៊ី ៕PP