(អង់គ្លេស)៖អង់គ្លេសនឹងបញ្ជូនរថពាសដែកសម្រាប់បាញ់មីស៊ីលទៅអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការវាយលុកពេញទំហឹងរបស់ខ្លួនដើម្បីគ្រប់គ្រងភាគខាងកើតរបស់ប្រទេសនេះ។រថពាសដែក Stormer គឺផលិតដោយក្រុមហ៊ុន BAE Systems វាអាចប្រើប្រាស់មីស៊ីលស្តាស្ត្រេក(Starstreak)ដែលអាចបាញ់ទម្លាក់យន្តហោះហោះទាបៗ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន The Sun នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។
គួរបញ្ជាក់ថា ក្រសួងការពារជាតិអង់គ្លេសបានបង្ហាញនូវរថពាសដែកបាញ់មីស៊ីលធុន Stormer High Velocity Missile (HVM)សម្រាប់អ៊ុយក្រែននៅតំបន់ទំនាបសាលីបឺរី (Salisbury Plain) កាលពីពីរសប្តាហ៍មុន ដោយ យានជំនិះទម្ងន់ ១៣ តោននេះអាចដឹកទៅធ្វើសង្គ្រាមតាមយន្តហោះដឹកជញ្ជូន C-17ក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
សូមរំលឹកថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានទទូចដល់ ប្រទេសមហាអំណាចលោកខាងលិចឱ្យផ្តល់អាវុធខ្លាំងៗកាន់តែច្រើនដល់ប្រទេសរបស់លោក ស្របពេលដែលរុស្ស៊ីចាប់ផ្តើមវាយប្រហារកាន់តែខ្លាំងនៅឯភាគខាងកើតក្នុងតំបន់ដន់បាស៕ PP