ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ បំបែកកំណត់ត្រាពិភពលោក សម្រាលបានកូនម្តង ១០នាក់
បរទេស៖ តើក្នុងអំឡុងពេលមានផ្ទៃពោះ ស្រ្តីម្នាក់នោះមានវិធីសាស្រ្តថែទាំយ៉ាងដូចម្តេច ទើបអាចសម្រាល កូនបានដោយជោគជ័យក្នុងព្រមទាំងមានសុខភាពល្អបែបនេះ?
ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ បានបំបែកកំណត់ត្រាពិភពលោក (Guinness World Record) ក្រោយសម្រាលកូនម្តង ១០នាក់។ បើតាមការចេញផ្សាយដោយBBC ស្ត្រី Gosiame Thamara Sithole អាយុ ៣៧ឆ្នាំ បានផ្តល់កំណើតឲ្យកូន១០នាក់ កាលពីថ្ងៃចន្ទ នៅមន្ទីរពេទ្យមួយ ក្នុងរដ្ឋធានីព្រីតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង។
ក្រុមគ្រូពេទ្យបាននិយាយថា ជារឿងដែលគួរឱ្យភ្ញាក់ផ្អើល ព្រោះថា មុនពេលសំរាល ក្រុមគ្រូពេទ្យបានធ្វើការស្កេនមើល ឃើញកូនក្នុងផ្ទៃត្រឹមតែ៨នាក់ប៉ុណ្ណោះ។ បើទោះបីជាត្រូវសំរាលដោយសារវះកាត់ ស្រាប់តែលទ្ធផលបានចេញមក គឺកូនក្នុងផ្ទៃមានរហូតទៅដល់១០នាក់ឯណោះ ដោយទទួលបានកូនប្រុស ៧នាក់ និងកូនស្រី ៣នាក់ ។
អ្វីដែលគេគ្រប់គ្នាចង់ដឹងខ្លាំង តើក្នុងអំឡុងពេលពរពោះ នាង Gosiame Thamara Sithole បានធ្វើអ្វីខ្លះ ទើបក្រោយពេលសម្រាល កូនរបស់នាងទាំង១០នាក់ រួមទាំងនាងមានសុខភាពល្អ ។ ជាការពិតនាងបានពរពោះដោយសុវត្ថិភាព អស់រយៈពេល ២៩សប្តាហ៍ តាមធម្មជាតិ ពោលគឺមិនប្រើថ្នាំជំនួយអ្វីឡើយ។ ក្នុងបទសម្ភាសន៍មួយ មុនពេលសម្រាល នាងបាននិយាយថា នាងមានការរំជួលចិត្តយ៉ាងខ្លាំងនៅពេលដែលទៅពិនិត្រសុខភាពលើកដំបូង គ្រូពេទ្យប្រាប់ថានាងមានកូនភ្លោះច្រើន ។ ក៍ប៉ុន្តែក្រុមគ្រូពេទ្យបានប្រាប់នាងពីវិធីថែទាំងមួយចំនួននៅក្នុងអំឡុងពេលពរពោះ។នាង Gosiame Thamara Sithole បន្ថែមថា អ្វីដែលនាងចាំបាច់ត្រូវធ្វើបំផុតគឺការប្រុងប្រយ័ត្នពេលធ្វើដំណើរ ទាំងទៅក្រៅផ្ទះ និងនៅក្នុងផ្ទះ គឺធ្វើយ៉ាងណាជៀសវាងមិនឱ្យមានការដួលនិងប៉ះទង្គិចណាមួយឡើយ។ មួយវិញទៀតគឺការបរិភោគអាហារ ។នាង Gosiame Thamara បាននិយាយចុងក្រោយថា អ្វីដែលពិសេសបំផុតគឺគាត់មានប្តីដ៍ល្អ ដែលបានថែរក្សានាងរហូតជិតដល់ថ្ងៃសំរាល។
គួររំលឹកថា កាលពីដើមខែឧសភា ឆ្នាំ២០២១ មានស្ត្រីម្នាក់ឈ្មោះ Hamila Cisse បានផ្តល់កំណើតឲ្យទារកចំនួន ៩នាក់ នៅក្នុងគ្លីនីកមួយកន្លែង ក្នុងប្រទេសម៉ារ៉ុក ហើយកាលពីឆ្នាំ២០០៩ ក៏មានស្ត្រីម្នាក់សម្រាលកូន ៨នាក់ នៅសហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាពិភពលោក លើរឿងដែលអាចផ្តល់កំណើត ដល់កូនខ្ចីច្រើននាក់ក្នុងពេលតែមួយ៕PP