មនុស្សយ៉ាងតិច៣៣នាក់បានស្លាប់ក្នុងហេតុការណ៍លិចទូកដឹកអ្នករកស៊ីនៅបឹង Albert ភាគឦសាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
អ្នកនាំពាក្យរដ្ឋាភិបាលខេត្តបានប្រាប់ទីភ្នាក់ងារ Anadolu ថា មនុស្សចំនួនប្រាំបីនាក់បានរួចជីវិតពីឧប្បត្តិហេតុដែលបានកើតឡើងនៅជិតតំបន់ Kolokoto ក្នុងទឹកដី Mahagi នៃខេត្ត Ituri ។ ព្រំដែនរវាងប្រទេសអ៊ូហ្គង់ដានិងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវបានបិទអស់រយៈពេលជាច្រើនខែមកហើយដោយសារតែជំងឺរាតត្បាតកូវីដ១៩។
លោក Vital Adubangu ប្រធានអង្គការសង្គមស៊ីវិលមួយបាននិយាយថា សោកនាដកម្មនេះបានកើតឡើងបន្ទាប់ពីមានខ្យល់បក់បោកយ៉ាងខ្លាំងនៅលើបឹង។
លោកបានប្រាប់ទីភ្នាក់ងារ Anadolu ថា “សាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសាររបស់ពួកគេដើម្បីធ្វើបុណ្យ”។
គួរបញ្ជាក់ថា បឹង Albert ដែលជាបឹងធំជាងគេទី៧នៅទ្វីបអាហ្រ្វិកគឺស្ថិតនៅចន្លោះកណ្តាលរវាងប្រទេសអ៊ូហ្គង់ដានិងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ មនុស្សជាច្រើនមកពីប្រទេសទាំងពីររួមទាំងពាណិជ្ជករផងដែរបានប្រើបឹងនេះដើម្បីដឹកជញ្ជូនទំនិញ៕