ពលករខ្មែរចំនួន៥២ នាក់ ដែលបានបោះជំរុំស្នាក់នៅក្នុងព្រៃ ក្បែរព្រំដែនថៃ -កម្ពុជា ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចខ្មែរវិញ
(ខេត្តបន្ទាយមានជ័យ)៖ពលករខ្មែរមានប្រុស ស្រី រួមនិងក្មេងតូចៗចំនួន៥២នាក់ បានប្តូរជីវិត លួចចូលទឹកដីថៃបោះជំរុំស្នាក់នៅលើទឹកដីថៃជាប់នឹងព្រំដែនខ្មែរ ថៃ ដើម្បីបន្តដំណើរស្វែងរកការងារធ្វើនៅខេត្តជាប់ព្រំដែន ខ្មែរ ថៃ ត្រូវបានកម្លាំងយោធា ការពារព្រំដែនថៃលេខ ១២១ សហការជាមួយតម្រួតនៅក្នុងតំបន់ ព្រមទាំងកម្លាំងអន្តោប្រវេសន៍ខេត្តស្រះកែវ បានធ្វើការឃាត់ខ្លួនដើម្បីសាកសួរ ដោយពលករខ្មែរទាំងអស់នេះ បានលបលួចឆ្លងដែនតាមច្រករបៀងចូលទៅក្នុងទឹកដីថៃដោយគ្មានច្បាប់អនុញ្ញាត។
ការឃាត់ខ្លួនពលករខ្មែរទាំងនេះនៅព្រលប់ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ ក្នុងព្រៃដែលជាតំបន់ឧទ្យានជាតិប៉ាស្ងួន ដោយមានបទបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំតម្រួតខេត្តគឺលោក អម្រឹត បុណ្យសុយ៉ា ក្នុងគោលបំណងគឺអនុវត្តតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលថៃ ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលនៃមេរោគ
កូវីដ-១៩ ដែលកំពុងយាយីខ្លាំងនៅក្នុងប្រទេសថៃ ដោយកម្លាំងសហការទាំងនេះ បានចេញប្រតិបត្តិការទៅកាន់ចំណុចភូមិ១៤ ឃុំណងមួយ ស្រុកគោកធ្យូង ខេត្តស្រះកែវ ដើម្បីពិនិត្យ ។
សមត្ថកិច្ចថៃបានបញ្ជាក់ប្រាប់សមត្ថកិច្ចខ្មែរឲ្យដឹងថា ការបោះជំរុំស្នាក់នៅនោះមានពលករខ្មែរចំនួន ៥២ នាក់ ក្នុងនោះស្រី ២៤ ប្រុស ២១ និងក្មេងតូចៗ ចំនួន ៧ នាក់ ហើយបានបញ្ជូនមកឲ្យសមត្ថកិច្ចខ្មែរដើម្បីចាត់ការបន្ត។
សមត្ថកិច្ចខ្មែបានប្រាប់ឲ្យដឹងដែរថា ពលករខ្មែរទាំង៥២នាក់ ត្រូវបានក្រុមមន្ត្រីសុខាភិបាលស្រុកត្រូតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងវាស់កម្តៅ តែគ្មាននរណាម្នាក់ មានកម្តៅខ្ពស់គួរឲ្យព្រួយបារម្ភឡើយ ។ក្រោយពីបានសាកសួរ ពលករទាំងនេះបាននិយាយថា ពួកគេមកពីខេត្តសៀមរាបទាំងអស់គ្នា ដោយបានលបលួចឆ្លងដែនចូលតាមច្រករបៀងដើម្បីស្វែងទៅរកការងារកសិកម្មធ្វើក្នុងស្រុកគោកធ្យូង និងស្រុកក្បែរខាង ដោយបានកម្រៃក្នុង១ថ្ងៃ គឺម្នាក់ ចាប់ពី ២០០ ទៅ ៣០០ បាត ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅកាន់ទីក្រុងបាងកកឡើយ ។ពលករខ្មែរទាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរនៅក្នុងតំបន់បញ្ជូនតាមរថយន្តយកទៅកន្លែងត្រួតពិនិត្យ វាស់កំដៅនិងចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដើម្បីការពារជម្ងឺកូវីដ១៩ ៕