(ប៉ារីស)៖ ក្រសួងសុខាភិបាលបារាំងបានរកឃើញ ករណីឆ្លងដំបូងនៃវីរុសកូរ៉ូណាទម្រង់ថ្មី (COVID-19) ដែលមានប្រភពចេញពីអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០។
កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅប៉ារីស) ក្រសួងសុខាភិបាលបារាំងបានរាយការណ៍ថា ពលរដ្ឋខ្លួនម្នាក់ដែលរស់នៅចក្រភពអង់គ្លេស បានធ្វើដំណើរចាកចេញពីទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១៩ ខែធ្នូ មកកាន់បារាំងវិញ ហើយក៏បានធ្វើតេស្តរកឃើញវីរុស COVID-19 ទម្រង់ថ្មីនោះតែម្តង។ ករណីឆ្លងថ្មីនេះ គឺជាករណីឆ្លងគ្មានរោគសញ្ញា ហើយអ្នកជំងឺកំពុងដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះ ស្ថិតនៅតំបន់ ធួរ (Tours) ភាគកណ្តាលនៃប្រទេសបារាំង។
អ្នកដំណើរខាងលើនេះ ត្រូវបានធ្វើតេស្តរកជំងឺ COVID-19 នៅឯមន្ទីរពេទ្យកាលពីថ្ងៃទី២១ ខែធ្នូ ហើយក្រោយមកលទ្ធផលបានបង្ហាញថា «វិជ្ជមាន» ហើយជាប្រភេទវីរុសទម្រង់ថ្មីថែមទៀត។ អាជ្ញាធរសុខាភិបាលបារាំងបានអះអាងថា ខ្លួនបាននិងកំពុងតាមដាន រកអ្នកទាំងឡាយណា ដែលបានប៉ះពាល់ជាមួយករណីឆ្លងខាងលើ ជាពិសេសអ្នកដែលធ្លាប់មានទំនាក់ទំនងជិតសិ្នទ្ធ គឺតម្រូវឲ្យធ្វើចត្តាឡីស័កតែម្តង។
គួរបញ្ជាក់ថា ក្រៅពីប្រទេសបារាំង ប្រទេសអ៉ីតាលីក៏បានរាយការណ៍ អំពីការរកឃើញករណីឆ្លងនៃវីរុសទម្រង់ថ្មី នៅទីក្រុងរ៉ូមផងដែរ ហើយបើយោងតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រទេសដាណឺម៉ាកបានរកឃើញ ០៩ករណី, ហូឡង់ ០១ករណី និង ០១ករណីទៀតនៅអូស្ត្រាលី៕