(បាងកក)៖ ប្រទេសថៃបានកំណត់ទិសដៅនាំចេញអង្ករចំនួនពី ៧ ទៅ ៧,៥លានតោននៅឆ្នាំក្រោយ ដែលកើនឡើងពីប្រហែល ៦លានតោននៅឆ្នាំនេះ ដោយសារមានទឹកគ្រប់គ្រាន់ និងការធ្លាក់ថ្លៃប្រាក់បាតធ្វើឱ្យអង្ករថៃមានការប្រកួតប្រជែងល្អ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក Charoen Laothammatas ប្រធានសមាគមក្រុមហ៊ុននាំចេញថៃបានឱ្យដឹងថា ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងការធ្លាក់ចុះថ្លៃប្រាក់បាត ដែលបច្ចុប្បន្នមានតម្លៃ ៣៣បាតក្នុងមួយដុល្លារ ត្រូវបានរំពឹងថានឹងជំរុញការនាំចេញអង្ករនៅឆ្នាំខាងមុខ។
ការថ្លែងរបស់លោក Charoen ធ្វើឡើងបន្ទាប់ពីលោកបានពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ។ការធ្លាក់ចុះថ្លៃប្រាក់បាតបានធ្វើឱ្យតម្លៃនាំចេញអង្ករថៃកាន់តែមានអំណោយផលក្នុងការប្រកួតប្រជែង ដោយតម្លៃនាំចេញគិតត្រឹមកំពង់ផែសម្រាប់អង្ករសប្រភេទបាក់ ៥% ថ្លៃ ៣៩០ដុល្លាក្នុងមួយតោន ដែលទាប់ជាងអង្ករវៀតណាមដែលថ្លៃ ៤០៥ដុល្លារក្នុងមួយតោន។
ប៉ុន្តែលោក Charoen បានថ្លែងថា កង្វះខាតកុងតឺណ័រ និងកង្វះលំហរដឹកជញ្ជូនត្រូវបានរំពឹងថានឹងនៅតែជាកត្តាហានិភ័យសំខាន់ៗ ដែលទំនងជានឹងបន្តកើតមានរហូតដល់ឆមាសទី១ ឆ្នាំ២០២២។លោកបានថ្លែងទៀតថា ប្រទេសថៃត្រូវបានរំពឹងថានឹងនាំចេញអង្ករបានពី ៦ ទៅ ៦,៣លានតោននៅឆ្នាំនេះ ដែលខ្ពស់ជាងឆ្នាំ២០២០បន្តិច ដែលបាននាំចេញចំនួន ៥,៧២លានតោន
ក្នុងឆ្នាំ២០២១នេះ ប្រទេសថៃត្រូវបានព្យាករថានៅតែជាប្រទេសនាំចេញអង្ករបានច្រើនជាងគេទី៣ បន្ទាប់ពីឥណ្ឌា និងវៀតណាម។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕