អ្នកផ្តល់សេវាអ៊ិនធឺណែតមីយ៉ាន់ម៉ា បិទសេវាកម្មហ្វេសប៊ុកបន្ទាប់ពីទទួលបទបញ្ជារបស់រដ្ឋាភិបាល
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៍មានរ៉យទ័រ៖ អ្នកផ្តល់សេវាកម្មអ៊ិនធឺណែតក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមហ៊ុនទូរគមនាគមន៍រដ្ឋ MPT កំពុងបំបិទការចូលប្រើប្រាស់សេវាកម្មហ្វេសប៊ុកដែលគ្រប់គ្រងដោយ Facebook Inc នៅក្នុងប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារ។
លិខិតមួយដែលត្រូវបានផ្សព្វផ្សាយតាមអ៊ិនធឺណែតដោយក្រសួងទំនាក់ទំនងនិងព័ត៌មានបាននិយាយថា បណ្តាញសង្គមហ្វេសប៊ុកនឹងត្រូវបានបិទរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ ដើម្បីធានា “ស្ថេរភាព” ។
អ្នកប្រើប្រាស់មួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា ពួកគេមិនអាចចូលប្រើប្រាស់សេវាកម្មហ្វេសប៊ុកនានាបានទេ។
ក្រុមត្រួតពិនិត្យបណ្តាញ NetBlocks បានបញ្ជាក់ថា ក្រុមហ៊ុនទូរគមនាគមន៍រដ្ឋ MPT ដែលនិយាយថា ខ្លួនមានអ្នកប្រើប្រាស់ ២៣ លាននាក់ បានបិទដំណើរការហ្វេសប៊ុក ក៏ដូចជាសេវាកម្ម Messenger, Instagram និង WhatsApp ។ ក្រុមហ៊ុន Telenor Asa របស់ប្រទេសន័រវេសក៏បានបញ្ជាក់ផងដែរថា ខ្លួនទើបតែបានបិទហ្វេសប៊ុកដោយគោរពតាមការណែនាំនេះ។
យ៉ាងណាម៉ិញ អ្នកនាំពាក្យហ្វេសប៊ុកលោក Andy Stone បានទទួលស្គាល់ពីការរំខាននេះផងដែរ។ លោកបានមានប្រសាសន៍ថា “យើងជម្រុញឲ្យអាជ្ញាធរដំណើរការតភ្ជាប់ឡើងវិញ ដូច្នេះប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសារនិងមិត្តភក្តិរបស់ពួកគេនិងទទួលបានព័ត៌មានសំខាន់ៗ” ។
ពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ាចំនួន ៥៣ លាននាក់ប្រើប្រាស់ហ្វេសប៊ុក ដែលភាគច្រើនមានន័យដូចទៅនឹងអ៊ីនធឺណែត។
លិខិតរបស់ក្រសួងបានប្រកាសថា “ពេលឥឡូវនេះប្រជាជនដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពរបស់ប្រទេស...កំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត និងបង្កឱ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនតាមរយៈការប្រើប្រាស់ហ្វេសប៊ុក” ។
ក្រុមហ៊ុន Telenor បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះសេចក្តីណែនាំដែលខ្លួនបាននិយាយថា បានទទួលពីគ្រប់ប្រតិបត្តិករទូរស័ព្ទចល័ត និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណែតទាំងអស់កាលពីថ្ងៃពុធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ខ្លួនកំពុងដឹកនាំអ្នកប្រើប្រាស់ទៅកាន់សារមួយដែលនិយាយថា គេហទំព័រហ្វេសប៊ុកមិនអាចដំណើរការបានទេដោយសារតែបទបញ្ជារបស់រដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍និយាយថា “ខណៈការណែនាំនេះមានមូលដ្ឋានច្បាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រុមហ៊ុន Telenor មិនជឿថា ការស្នើសុំគឺផ្អែកលើ ភាពចាំបាច់និងសមាមាត្រ អនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិទេ” ។
កាលពីថ្ងៃអង្គារ យោធាបានព្រមានប្រឆាំងនឹងការចុះផ្សាយនូវអ្វីដែលខ្លួនបាននិយាយគឺជាពាក្យចចាមអារាមនៅលើបណ្តាញសង្គមដែលអាចញុះញង់ឱ្យមានកុប្បកម្មនិងបង្កអស្ថិរភាព។
ពីពេលមុននេះ ក្រុមអ្នកស៊ើបអង្កេតលើសិទ្ធិមនុស្សបាននិយាយថា ការនិយាយពាក្យស្អប់ខ្ពើមនៅលើហ្វេសប៊ុកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កអំពើហឹង្សានៅប្រទេសមីយ៉ាន់ម៉ា។ ក្រុមហ៊ុនបាននិយាយថា វាយឺតពេលក្នុងការធ្វើសកម្មភាពការពារព័ត៌មានមិនពិត និងការស្អប់ខ្ពើមនៅក្នុងប្រទេស។
នៅសប្តាហ៍នេះហ្វេសប៊ុកបាននិយាយថា ខ្លួនកំពុងចាត់ទុកស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាភាពអាសន្ន និងចាត់វិធានការបណ្តោះអាសន្នដើម្បីការពារប្រឆាំងនឹងគ្រោះថ្នាក់ដូចជាការដកមាតិកាដែលសរសើរឬគាំទ្ររដ្ឋប្រហារ នេះបើតាមអ្នកនាំពាក្យបានប្រាប់។