រដ្ឋាភិបាលជប៉ុនមិនមានគម្រោងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋពីមីយ៉ាន់ម៉ាទេ ដោយនិយាយថាអោយស្នាក់នៅក្នុងផ្ទះ
TOKYO៖ មន្ត្រីក្រសួងការបរទេសបាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសជប៉ុនមិនមានផែនការធ្វើមាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួនពីប្រទេសមីយ៉ាន់ម៉ាទេ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ខណៈដែលស្ថានទូតជប៉ុននៅក្នុងប្រទេសបានអំពាវនាវឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ។
កងទ័ពរបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសពីភាពអាសន្នកាលពីថ្ងៃច័ន្ទ ខណៈដែលខ្លួនបាននិយាយថា បានធ្វើការឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលជាន់ខ្ពស់ដើម្បីឆ្លើយតបទៅនឹងការក្លែងបន្លំក្នុងការបោះឆ្នោតទូទៅកាលពីឆ្នាំមុន។
មន្ត្រីជប៉ុនដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា មានជនជាតិជប៉ុនប្រមាណ ៣.៥០០ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែដោយសារតែជំងឺរាតត្បាតនៃវីរុសកូរូណា ទីក្រុងតូក្យូបានណែនាំឱ្យប្រជាជនឈប់ធ្វើដំណើរនៅទីនោះ ហើយបន្ថែមថា មិនមានផែនការនាពេលបច្ចុប្បន្នដើម្បីផ្លាស់ប្តូរលើការប្រឹក្សានោះដែរ។
នៅក្នុងសារមួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសជប៉ុន ដោយស្ថានទូតជប៉ុនប្រចាំនៅមីយ៉ាន់ម៉ា បាននិយាយថា ខណៈដែលស្ថានភាពនៅក្នុងប្រទេសនៅពេលនេះមិនទំនងជាមានបញ្ហាដែលពាក់ព័ន្ធទៅនឹងមនុស្សសាមញ្ញ នោះប្រជាជនគួរតែប្រុងប្រយ័ត្ន។ “យើងលើកទឹកចិត្តប្រជាជនអោយនៅខាងក្នុងគេហដ្ឋាន ហើយចៀសវាងចេញទៅក្រៅ លុះត្រាតែមានការចាំបាច់បំផុត” ។