យោធាមីយ៉ាន់ម៉ាបានព្រមានក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារនៅទូទាំងប្រទេសថា ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ ប្រសិនបើពួកគេរារាំងកងកម្លាំងប្រដាប់អាវុធ។ យោធាបានបន្តថា ការផ្តន្ទាទោសរយៈពេលវែង និងការពិន័យនឹងត្រូវអនុវត្តផងដែរចំពោះអ្នកដែលត្រូវបានរកឃើញថាមានការញុះញង់ឲ្យស្អប់ខ្ពើមចំពោះមេដឹកនាំធ្វើរដ្ឋប្រហារ។ ការផ្លាស់ប្តូរច្បាប់ត្រូវបានប្រកាសនៅពេលដែលរថគ្រោសបានបង្ហាញខ្លួននៅតាមដងផ្លូវនៃទីក្រុងជាច្រើន។


របបយោធាដែលកំពុងកាន់អំណាចបានគំរាមដាក់ពន្ធនាគាររយៈពេលយូរ និងពិន័យជាប្រាក់ទៅលើជនណាម្នាក់ដែលត្រូវបានគេរកឃើញថា បានញុះញង់ឱ្យមានការស្អប់ខ្ពើមចំពោះយោធា “តាមរយៈពាក្យសំដី ទាំងការនិយាយ ឬការសរសេរ ឬដោយសញ្ញា ឬដោយតំណាងដែលអាចមើលឃើញ” ។


នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើគេហទំព័រយោធាមួយកាលពីថ្ងៃច័ន្ទបាននិយាយថា មនុស្សដែលរារាំងកងកម្លាំងសន្តិសុខមិនឱ្យបំពេញភារកិច្ចរបស់ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ ខណៈដែលអ្នកទាំងនោះត្រូវបានរកឃើញថា បង្កការភ័យខ្លាច ឬភាពចលាចលនៅក្នុងទីសាធារណៈអាចនឹងត្រូវជាប់ពន្ធនាគារពី ៣ ទៅ ៧ ឆ្នាំ។ ជាងនេះទៅទៀត រដ្ឋាភិបាលយោធាកាលពីថ្ងៃសៅរ៍បានផ្តល់អំណាចដល់កងកម្លាំងសន្តិសុខក្នុងការធ្វើការចាប់ខ្លួន ការស្វែងរក និងឃុំខ្លួនមនុស្ស រយៈពេលជាង ២៤ ម៉ោងដោយមិនបាច់មានសេចក្តីសម្រេចរបស់តុលាការ។


សូមរំលឹកផងដែរថា នៅថ្ងៃច័ន្ទមេធាវីរបស់លោកស្រី ស៊ូជី បាននិយាយថា លោកស្រីនឹងត្រូវឃុំខ្លួនរយៈពេលពីរថ្ងៃបន្ថែមទៀត។ Khin Maung Zaw បន្តថា បន្ទាប់មកលោកស្រីនឹងត្រូវបានកាត់ទោសតាមប្រព័ន្ធវីដេអូនៅឯតុលាការក្នុងរដ្ឋធានីណៃពៃថាវ (Nay Pyi Taw) នៅថ្ងៃពុធ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ