កូរ៉េខាងជើង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ KCNA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម ដែលជាកន្លែងដែលគាត់បានអំពាវនាវឱ្យមានការគ្រប់គ្រង និងរឹតបន្តឹងវិន័យបន្ថែមទៀតនៅក្នុងវិស័យយោធា។
កិច្ចប្រជុំនេះកើតឡើងចំពេលដែលលោកគីម ជំរុញឱ្យប្រមូលផ្តុំគណបក្សដែលកំពុងកាន់អំណាចរបស់លោកដើម្បីអនុវត្តគោលដៅគោលនយោបាយថ្មីសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដែលត្រូវបានបង្ហាញនៅក្នុងសមាជដ៏កម្រមួយកាលពីខែមុន ដោយរួមមានការបង្កើនអំណាចយោធា និងការទប់ទល់ពីសង្គ្រាមនុយក្លេអ៊ែរអោយបានកាន់តែខ្លាំង។
កិច្ចប្រជុំបានដោះស្រាយបញ្ហាជាបន្តបន្ទាប់អំពីសកម្មភាពនយោបាយ និងវិន័យក្នុងចំណោមមន្រ្តីយោធា ហើយបានអំពាវនាវឱ្យមានវិធានការកាន់តែតឹងរឹងជាងមុនដើម្បីគ្រប់គ្រងបញ្ហាដែលកើតមាន។
លោកគីម បានបន្តថា ការបង្កើតវិន័យបដិវត្តនៅក្នុងវិស័យយោធានឹងសម្រេចអំពីការរស់រានរបស់កងទ័ព និងភាពជោគជ័យ ឬក៏បរាជ័យនៃសកម្មភាពរបស់ខ្លួន។