កូរ៉េខាងជើង ផ្លាស់ប្តូរឧត្តមសេនីយ៍កំពូល ដោយឱ្យត្រៀមរៀបចំជាស្រេចសម្រាប់សង្រ្គាម
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្លាស់ប្តូរឧត្តមសេនីយកំពូលយោធា ហើយបានអំពាវនាវឱ្យមានការរៀបចំបន្ថែមទៀតសម្រាប់លទ្ធភាពនៃសង្គ្រាម ជំរុញលើការផលិតអាវុធ និងការពង្រីកថែមទៀតនៃសមយុទ្ធយោធា។
របាយការណ៍បាននិយាយថា លោក គីម ជុងអ៊ុន បានធ្វើអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាការយោធាមជ្ឈិម ដែលបានពិភាក្សាអំពីផែនការសម្រាប់វិធានការទប់ទល់នឹងសត្រូវរបស់កូរ៉េខាងជើង ដែលខ្លួនមិនបានបញ្ចេញឈ្មោះនោះទេ។
ឧត្តមសេនីយ៍កំពូលរបស់ប្រទេស ដែលជាអគ្គសេនាធិការទូទៅ លោក Pak Su Il ត្រូវបាន "បណ្តេញចេញ" ប៉ុន្តែមិនបានបញ្ជាក់អំពីសេចក្តីលម្អិតនោះឡើយ។ លោក Pak Su Il បានបម្រើក្នុងតួនាទីរបស់គាត់អស់រយៈពេលប្រហែល ៧ខែ។ ជាមួយគ្នានេះ លោក Pak Su Il ត្រូវបានជំនួសដោយឧត្តមសេនីយ៍ លោក Ri Yong Gil ដែលពីមុនធ្លាប់ធ្វើជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស ក៏ដូចជាមេបញ្ជាការកំពូលនៃកងទ័ពធម្មតារបស់ខ្លួន។
ជាងនេះទៅទៀត លោក Ri Yong Gil ក៏ធ្លាប់ធ្វើជាមេទ័ពដែរ។ នៅពេលដែលគាត់ត្រូវបានបណ្តេញចេញនៅឆ្នាំ ២០១៦ រួមជាមួយនឹងអវត្តមានជាបន្តបន្ទាប់ពីព្រឹត្តិការណ៍ផ្លូវការ បានបង្កឱ្យមានរបាយការណ៍នៅក្នុងប្រទេសកូរ៉េខាងត្បូងថា គាត់ត្រូវបានគេប្រហារជីវិត។ ប៉ុន្តែ ប៉ុន្មានខែក្រោយមក គាត់បានបង្ហាញខ្លួនម្តងទៀត នៅពេលដែលគាត់ត្រូវបានគេដាក់ឈ្មោះឱ្យកាន់តំណែងជាន់ខ្ពស់ផ្សេងទៀត។
របាយការណ៍បាននិយាយថា លោក គីម ជុងអ៊ុន ក៏បានកំណត់គោលដៅសម្រាប់ការពង្រីកសមត្ថភាពផលិតអាវុធ ដោយមិនបានផ្តល់ព័ត៌មានលម្អិតដូចគ្នាដែរ។ កាលពីសប្តាហ៍មុន លោកបានទៅទស្សនារោងចក្រសព្វាវុធ ដែលលោកបានអំពាវនាវឲ្យមានការដំឡើងសាងសង់នៃម៉ាស៊ីនផលិតមីស៊ីល កាំភ្លើងធំ និងអាវុធផ្សេងទៀត។
រូបថតដែលចេញផ្សាយដោយ KCNA បានបង្ហាញថា លោក គីម ជុងអ៊ុន ចង្អុលទៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញរដ្ឋធានីកូរ៉េខាងត្បូងនៅលើផែនទី។
សហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់សព្វាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន រួមទាំងកាំភ្លើងធំ គ្រាប់រ៉ុក្កែត និងមីស៊ីល។ យ៉ាងណាម៉ិញ រុស្ស៊ី និងកូរ៉េខាងជើង បានបដិសេធការចោទប្រកាន់ទាំងនោះ។
របាយការណ៍បាននិយាយថា លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឱ្យយោធាធ្វើសមយុទ្ធជាមួយនឹងអាវុធ និងឧបករណ៍ចុងក្រោយបង្អស់របស់ប្រទេស ដើម្បីរក្សាកងកម្លាំងរបស់ខ្លួនត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ។
គួរបញ្ជាក់ថា កូរ៉េខាងជើងគ្រោងនឹងធ្វើព្យុហយាត្រារបស់កងជីវពលនៅថ្ងៃទី ០៩ ខែកញ្ញា ដែលជាខួបលើកទី ៧៥ នៃទិវាមូលនិធិនៃសាធារណរដ្ឋ។ កូរ៉េខាងជើងមានក្រុមប៉ារ៉ាមួយចំនួនដែលខ្លួនប្រើដើម្បីពង្រឹងកម្លាំងយោធារបស់ខ្លួន។ NR