អង្គការសុខភាពពិភពលោកនិយាយថា បេសកកម្មនៅចិនស្តីពីការស្វែងរកប្រភពដើមនៃជំងឺកូវីត ១៩ នឹងត្រូវដល់ពេលកំណត់នៅពាក់កណ្តាលខែមីនា
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា បេសកកម្មដឹកនាំដោយអង្គការសុខភាពពិភពលោកទៅកាន់ទីក្រុងវូហាន ប្រទេសចិនដើម្បីស៊ើបអង្កេតពីប្រភពដើមនៃវីរុសដែលបណ្តាលឱ្យមានជំងឺរាតត្បាតកូវីត ១៩ ត្រូវបានគេរំពឹងទុកថានឹងត្រូវបញ្ចប់នៅពាក់កណ្តាលខែមីនានេះ។
លោក Peter Ben Embarek ប្រធានបេសកកម្មបានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា “ការកំណត់ពេលវេលាបច្ចុប្បន្នគឺ នៅសប្តាហ៍ទី ១៤-១៥ ខែមីនា” ។
លោក Ben Embarek អ្នកជំនាញអង្គការសុខភាពពិភពលោកផ្នែកជំងឺឆ្លងពីសត្វទៅមនុស្សបាននិយាយនៅចុងបញ្ចប់នៃបេសកកម្មកាលពីខែមុនថា វីរុសនេះប្រហែលជាមានដើមកំណើតពីសត្វប្រចៀវ ទោះបីជាវាមិនច្បាស់ថាតើវាឆ្លងដល់មនុស្សយ៉ាងណា។ គាត់ក៏បានច្រានចោលពីការលេចធ្លាយចេញពីមន្ទីរពិសោធន៍ផងដែរ។
ម្យ៉ាងវិញទៀត មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា បេសកកម្មនេះអាចនឹងចេញរបាយការណ៍សង្ខេបមុនពេលការរកឃើញពេញលេញរបស់ខ្លួនបានរួចរាល់។ នេះមិនត្រូវបានគ្រោងទុកទៀតទេ។
ឆ្លើយតបនឹងរឿងនេះដែរ លោក Mike Ryan អ្នកជំនាញកំពូលខាងភាពអាសន្នរបស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា “អ្វីដែលក្រុមបានធ្វើគឺជាសេចក្តីសម្រេចរបស់ពួកគេ គឺពិតជាខិតខំដើម្បីបានរបាយការណ៍មួយពេញលេញ ដូច្នេះយើងអាចមានការពិភាក្សាយ៉ាងត្រឹមត្រូវជុំវិញរបាយការណ៍នោះ” ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ផងដែរថា “ខ្ញុំសូមធានាចំពោះអ្នកនូវអ្វីដែលបានកើតឡើងក្នុងដំណើរទស្សនកិច្ចនេះ” ។
យ៉ាងណាម៉ិញ បេសកកម្មនេះមានលក្ខណៈនយោបាយដែលក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនចង់ពិនិត្យមើលការរកឃើញរបស់ខ្លួនឡើងវិញ ហើយការរិះគន់មួយចំនួនបានលើកឡើងថា ការចូលទៅក្នុងប្រទេសចិនគឺនៅមានកម្រិតនៅឡើយ។
ស្របពេលជាមួយគ្នានេះដែរ កាលពីថ្ងៃព្រហស្បតិ៍លិខិតបើកចំហពីក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមបាននិយាយថា បេសកកម្មរបស់អង្គការសុខភាពពិភពលោក “មិនមានអាណត្តិ ឯករាជ្យភាព ឬសិទ្ធិចូលដំណើរការចាំបាច់ដើម្បីអនុវត្តលើការស៊ើបអង្កេតពេញលេញ និងគ្មានការរឹតត្បិត” ចំពោះទ្រឹស្តីទាំងអស់អំពីប្រភពដើមនៃវីរុសនេះ។
បន្ថែមពីលើនេះ លោក Nikolai Petrovsky អ្នកជំនាញនៃសាកលវិទ្យាល័យ Flinders ក្នុងទីក្រុង Adelaide ប្រទេសអូស្រ្តាលីដែលជាអ្នកនិពន្ធម្នាក់នៃលិខិតនោះបាននិយាយកាលពីថ្ងៃសុក្រថា ទោះបីជាដំណើរទស្សនកិច្ចរបស់ក្រុមដែលដឹកនាំដោយអង្គការសុខភាពពិភពលោកក៏ដោយក៏ពិភពលោកមិនបានស្គាល់ពីប្រភពដើមនៃកូវីត ១៩ ឡើយ។
លោក Chen Xu ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវបានប្រាប់សន្និសីទខ្លីដាច់ដោយឡែកមួយកាលពីថ្ងៃសុក្រថា “វាមិនមែនជាការស៊ើបអង្កេតទេ វាគឺជាការស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នា។ អ្នកជំនាញត្រូវបានជ្រើសរើសដោយអង្គការសុខភាពពិភពលោក ពួកគេធ្វើតាមតួនាទីរបស់ពួកគេ ហើយពួកគេបានធ្វើកិច្ចសហប្រតិបត្តិការខាងវិទ្យាសាស្ត្រជាមួយភាគីចិនរបស់ពួកគេ”។