ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងប្រឆាំងនឹងមេរោគដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យាគឺ Novavax មានប្រសិទ្ធភាព ៨៩,៣ ភាគរយក្នុងការការពារវីរុស Covid-19 ។
លទ្ធផលនៃការសាកល្បងដំណាក់កាលទី៣ របស់ Novavax នៅចក្រភពអង់គ្លេសបានបង្ហាញពីប្រសិទ្ធភាពរបស់បេក្ខជនដែលបានសាកចាក់វ៉ាក់សាំង និងបានបង្ហាញថាវាការពារប្រឆាំងនឹងវីរុសវ៉ារ្យ៉ង់ថ្មី។ លទ្ធផលពីការសាកល្បងមួយទៀតនៅអាហ្វ្រិកខាងត្បូងបានបង្ហាញថា វាក៏មានប្រសិទ្ធភាពផងដែរប្រឆាំងនឹងវ៉ារ្យ៉ង់ដែលលេចចេញនៅទីនោះ ទោះបីប្រសិទ្ធភាពទាបជាងក៏ដោយ។
លោក Stanley Erck ជាប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Novavax ដែលមានមូលដ្ឋាននៅទីក្រុង Gaithersburg រដ្ឋ Maryland បាននិយាយថា លទ្ធផលនៃការសាកល្បងបង្ហាញថាវ៉ាក់សាំងនេះ "មានសក្តានុពលដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិសុខមាលភាពសាធារណៈរបស់សកលលោក" ។
គួរបញ្ជាក់ថា Novavax បានទទួលថវិកាកាលពីឆ្នាំមុនដែលជាផ្នែកមួយនៃប្រតិបត្តិការគ្រប់ដណ្តប់រហ័ស (Operation Warp Speed) របស់រដ្ឋបាល Trump កំពុងធ្វើការសាកល្បងវ៉ាក់សាំងនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង។
ការវិភាគបណ្តោះអាសន្ននៃការសាកល្បងរបស់ក្រុមហ៊ុននៅសហរដ្ឋអាមេរិកដែលរួមបញ្ចូលអ្នកចូលរួមជាង ១៥.០០០ នាក់ដែលមានអាយុពី ១៨ ទៅ ៨៤ ឆ្នាំបានរកឃើញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩៥,៦ ភាគរយប្រឆាំងនឹងវីរុសនិង ៨៥,៦ ភាគរយមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ដែលឆ្លងកាន់តែខ្លាំងនេះ។