BOGOTA៖ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា ការរាយការណ៍ពីការស្លាប់ពីដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសកូឡុំប៊ី បានកើនឡើងហួស ១០០,០០០ នាក់ហើយ កាលពីថ្ងៃច័ន្ទ ចំពេលមានការព្រមានអំពីកង្វះខាតថ្នាំព្យាបាលនិងអុកស៊ីសែននៅក្នុងមន្ទីរពេទ្យ ក្នុងកំឡុងពេលនៃការឆ្លងនិងអត្រាស្លាប់ខ្ពស់បំផុតលើកទី៣ ដ៏សាហាវបំផុត។
ប្រទេសដែលមានប្រជាជនចំនួន ៥០ លាននាក់ បានរាយការណ៍ថា មានករណីឆ្លងវីរុសកូរូណាចំនួន ៣.៩ លានករណី ក៏ដូចជាការស្លាប់ចំនួន ១០០,៥៨២ នាក់ ហើយ។
កូឡុំប៊ីបានឃើញចំនួនអ្នកឆ្លងវីរុសនិងស្លាប់ច្រើនបំផុតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមន្រ្តីពេទ្យមួយចំនួនបានព្រមានថា ការផ្គត់ផ្គង់ថ្នាំមួយចំនួនមានកំរិតទាប។
យោងតាមព័ត៌មានដែលចុះផ្សាយដោយអាជ្ញាធរសុខាភិបាលក្នុងរដ្ឋធានី Bogota ក៏ដូចជានៅទីក្រុង Medellin និង Cali ដែលជាទីក្រុងធំទី ២ និងទី ៣ របស់កូឡុំប៊ី ផ្នែកថែទាំអ្នកជំងឺធ្ងន់ធ្ងរខ្លាំង (ICUs) នៅក្នុងទីក្រុងធំៗ កំពុងជិតពេញអស់ហើយ។
រដ្ឋាភិបាលបានស្តីបន្ទោសការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាច្រើនសប្តាហ៍ ជាហេតុនាំអោយរលកទី៣ ចេះតែពន្យារពេលកាន់តែយូរ ដែលបានចាប់ផ្តើមបន្ទាប់ពីបុណ្យអ៊ីស្ទើរ ( Easter)។ ប្រទេសនេះបានកត់ត្រានៃការរាយការណ៍ប្រចាំថ្ងៃចំនួន ៣០,០០០ ករណី កាលពីដើមខែនេះ ខណៈពេលដែលថ្ងៃច័ន្ទ មានចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតដល់ទៅ ៦៤៨ នាក់។
គួររំលឹកថា ប្រទេសកូឡុំប៊ី បានចាត់ចែងថ្នាំវ៉ាក់សាំងចំនួន ១៤.៩ លានដូស ដែលក្នុងនោះមានចំនួនជាង ៤.៧ លាននាក់ បានទទួលដូសទី២។ ប្រទេសនេះសង្ឃឹមថា នឹងចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន ៣៥ លាននាក់ ដែលស្មើនឹង ៧០% នៃចំនួនប្រជាជនរបស់ខ្លួន នៅឆ្នាំនេះ។ NR