ប្រទេសចិនបានចាប់ផ្តើមរយៈពេល ៤០ ថ្ងៃនៃថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំតាមច័ន្ទគតិ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានវិធានការណ៍នានាក្នុងការទប់ស្កាត់ការរីករាលដាលនៃ Covid-19 ខណៈប្រទេសនេះនៅតែបន្តប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៅទូទាំងប្រទេស។

អាជ្ញាធរបានប្រកាសពីការឆ្លងវីរុសថ្មីចំនួន ៥៤ ករណីកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះ ៤១ ករណីឆ្លងនៅក្នុងសហគមន៍ ខណៈដែលគណៈកម្មការសុខភាពជាតិ (NHC) បាននិយាយថា វ៉ាក់សាំង Covid-19 ចំនួនជិត ២៣ លានដូសត្រូវបានចាត់ចែង។ NHC មានគោលបំណងអោយប្រជាជនចំនួន ៥០ លាននាក់ចាក់ថ្នាំបង្ការមុនពេលបុណ្យចូលឆ្នាំថ្មីពេញមួយសប្តាហ៍នៅពាក់កណ្តាលខែកុម្ភៈ។


រដូវធ្វើដំណើរ ៤០ ថ្ងៃនៅក្នុងប្រទេសចិន គឺជាការធ្វើចំណាកស្រុករបស់មនុស្សប្រចាំឆ្នាំធំជាងគេបំផុតរបស់ពិភពលោកនៅពេលដែលមនុស្សធ្វើដំណើរទៅជួបជុំគ្រួសារ។ ដោយស្ថិតនៅក្រោមស្រមោលនៃជំងឺឆ្លងរាតត្បាត អាជ្ញាធរបានស្នើនៅឆ្នាំនេះថា ប្រជាជនមិនត្រូវធ្វើដំណើរហើយបានដាក់ចេញនូវវិធានការត្រួតពិនិត្យ Covid-19 យ៉ាងតឹងរឹងសម្រាប់អ្នកដែលធ្វើដំណើរនោះ។


ក្រសួងដឹកជញ្ជូនបានប៉ាន់ប្រមាណកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើដំណើរប្រហែល ១.២ ពាន់លាននាក់នឹងត្រូវធ្វើឡើងក្នុងកំឡុងពេលវិស្សមកាល ពោលគឺប្រហែល ៦០ ភាគរយតិចជាងឆ្នាំ ២០១៩ ។

អ្នកនាំពាក្យក្រសួងដឹកជញ្ជូនលោក Wu Chungeng បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា៖ “លំហូរអ្នកដំណើរក្នុងរដូវបុណ្យនៃរដូវផ្ការីកឆ្នាំនេះនឹងត្រូវកាត់បន្ថយយ៉ាងខ្លាំង”។ “ចំនួនពិតប្រាកដត្រូវបានគេរំពឹងថានឹងទាបជាងការប៉ាន់ស្មាន ហើយវាអាចនឹងត្រូវបានកាត់បន្ថយបន្ថែមទៀតដោយសារតែរដ្ឋាភិបាលនៅតែបន្តអោយស្នាក់នៅ កុំធ្វើដំណើរ”។


ដើម្បីជំរុញឱ្យជៀសវាងការធ្វើដំណើរ រដ្ឋាភិបាលបានលើកទឹកចិត្តដល់សេវាកម្មវីដេអូតាមអ៊ិនធឺណេតដើម្បីផ្តល់ការចាក់បញ្ចាំងខ្សែភាពយន្តឥតគិតថ្លៃ។ រដ្ឋាភិបាលក៏បានស្នើសុំកន្លែងសាធារណៈនិងកន្លែងកំសាន្តដើម្បីរក្សាការដំណើរការរួមមាន បណ្ណាល័យ សារមន្ទីរ រោងកុន ឧទ្យាន និងពហុកីឡាដ្ឋាន។ ហាងនានាត្រូវបានជម្រុញឱ្យបើកយ៉ាងហោចណាស់៨ ម៉ោងក្នុងមួយថ្ងៃក្នុងឱកាសពិធីបុណ្យនេះ។

ជាងនេះទៀតសោធ រដ្ឋាភិបាលក៏បានលើកទឹកចិត្តក្រុមហ៊ុននានាឱ្យផ្តល់អំណោយ និងកញ្ចប់ក្រហមទៅតាមប្រពៃណីដែលមានជាប្រាក់កាក់ដល់និយោជិកដែលមិនចូលរួមក្នុងការធ្វើដំណើរក្នុងរដូវបុណ្យ ហើយបានបន្ធូរបន្ថយក្រុមហ៊ុនដែលបានរៀបចំឱ្យកម្មកររបស់ខ្លួនស្នាក់នៅ។


ប្រជាជនដែលរស់នៅក្នុងតំបន់ដែលត្រូវបានគេកំណត់ថា ជាហានិភ័យខ្ពស់ក្រោមទម្រង់នៃភាពអាសន្ន ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ ខណៈ NHC តម្រូវឱ្យអ្នកធ្វើដំណើរពីតំបន់ដែលមានហានិភ័យមធ្យមត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាននៃ Covid-19 កាលពីបីថ្ងៃមុន។ 

នៅតំបន់ដែលមានហានិភ័យទាប បុគ្គលិកគ្រប់គ្រងចំណីអាហារក្លាសេ ដែលមានប៉ះផ្ទាល់ជាមួយទំនិញដែលនាំចូលនៅកំពង់ផែនិងកន្លែងប្រតិបត្តិការ កន្លែងដាច់ដោយឡែក ត្រូវការធ្វើតេស្ត Covid-19 ក្នុងរយៈពេលមួយសប្តាហ៍មុនពេលពួកគេធ្វើដំណើរ។


ប្រជាជនដែលមានគម្រោងធ្វើដំណើរទៅទីក្រុងប៉េកាំងប្រឈមមុខនឹងច្បាប់តឹងរ៉ឹងជាងគេ។ ក្រៅពីត្រូវការលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេលមួយសប្តាហ៍មុនពេលពួកគេទៅដល់រដ្ឋធានី ពួកគេត្រូវធ្វើតេស្តម្តងទៀតរយៈពេល ៧ និង ១៤ ថ្ងៃបន្ទាប់ពីការមកដល់។ ក្នុងអំឡុងពេល២ សប្តាហ៍ដំបូងនោះ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការជួបជុំក្រុមទេ។


ស្ថានីយ៍រថភ្លើងនិងព្រលានយន្តហោះទូទាំងប្រទេសបានបង្កើនការប្រុងប្រយ័ត្នរបស់ពួកគេ។ ឧទាហរណ៍អាកាសយានដ្ឋានអន្តរជាតិTianjin Binhai បានបម្រុងទុកកន្លែងចតយានយន្តដាច់ដោយឡែក និងកន្លែងសម្រាប់យកឥវ៉ាន់មកវិញបន្ទាប់ពីការហោះហើរពីតំបន់ដែលមានហានិភ័យមធ្យមនិងខ្ពស់។

អាកាសយានដ្ឋានបានរាយការណ៍អំពីការធ្លាក់ចុះចំនួនអ្នកដំណើរ ៥០ ភាគរយកាលពីថ្ងៃព្រហស្បតិ៍បើប្រៀបធៀបនឹងតួលេខនៃថ្ងៃដំបូងតាមធម្មតាសម្រាប់រដូវវិស្សមកាល។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ