(មីយ៉ាន់ម៉ា)៖ សកម្មជន និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា កងទ័ពនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៥ នាក់ និងរងរបួសរាប់សិបនាក់។

ឧត្តមសេនីយ៍ Min Aung Hlaing មេដឹកនាំរដ្ឋប្រហារកងទ័ពដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់មីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈ បាននិយាយថា គោលបំណងនៃចលនាមិនគោរពរដ្ឋប្បវេណី គឺដើម្បីបំផ្លាញប្រទេស។ 


ការបំផ្ទុះជាច្រើនបានកើតឡើងនៅរដ្ឋធានីពាណិជ្ជកម្មយ៉ាំងហ្គោន ហើយរោងចក្រដែលគ្រប់គ្រងដោយជនជាតិចិនត្រូវបានដុតបំផ្លាញ។ នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា អគ្គិភ័យមួយបានឆាបឆេះនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ JOC ដែលគ្រប់គ្រងដោយជនជាតិចិន នៅទីក្រុង យ៉ាំងហ្គោន កាលពីថ្ងៃពុធ ប៉ុន្តែមិនមានរបាយការណ៍អំពីការស្លាប់និងរបួសនិងព័ត៌មានលម្អិតអំពីទំហំនៃការខូចខាតនោះទេ។ ជាមួយគ្នានេះ នៅសង្កាត់មួយទៀតក្បែរក្រុងយ៉ាំងហ្គោន សកម្មជនក៏បានដុតបំផ្លាញទង់ជាតិរបស់ចិន។ 


ផ្អែកតាម សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយកាលពីថ្ងៃពុធថា យោធាឥឡូវនេះកំពុងផ្តោតការបង្ក្រាបរបស់ខ្លួនទៅលើតំបន់តាមជនបទ។ AAPP បានក៏បាននិយាយផងដែរថា នៅក្នុងទីប្រជុំជនភាគពាយព្យនៃក្រុង Kale កងកំលាំងសន្តិសុខបានបាញ់ប្រហារដោយប្រើប្រាស់គ្រាប់បែកដៃ និងកាំភ្លើងខ្លីទៅលើក្រុមបាតុករដែលបានទាមទារអោយមានការស្តាររដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ឡើងវិញ។ យ៉ាងហោចណាស់មនុស្ស ៨ នាក់ត្រូវបានសម្លាប់។ ពួកគេក៏បានវាយឆ្មក់ចូលផ្ទះ និងគ្លីនិកសហគមន៍ផងដែរ។

តាមសំដីរបស់អ្នកស្រុកម្នាក់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Myanmar Now បាននិយាយថា មនុស្ស ១១ នាក់បានស្លាប់ និងជាច្រើននាក់រងរបួស។ AAPP ក៏បានរាយការណ៍ថា មានអ្នកស្លាប់ ២ នាក់ផ្សេងទៀតនៅតាមបណ្តាសង្កាត់នានាក្នុងតំបន់ Sagaiang។ បន្ថែមពីលើនេះ ក្រុមបាតុករ ពីរ នាក់ក៏ត្រូវបានសម្លាប់ផងដែរនៅទីប្រជុំជន Bago នៅជិតទីក្រុងយ៉ាំងហ្គោន។


ស្របពេលជាមួយគ្នានេះ លោក Min Aung Hlaing ដែលជាមេដឹកនាំរបបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមស៊ីវិលមិនគោរពតាមចលនា ឬ ធ្វើសកម្មភាពដែលបំផ្លាញប្រទេស (CDM) បានបញ្ឈប់ការងាររបស់មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ការិយាល័យ និងរោងចក្រអស់។

គួររំលឹកថា គិតមកត្រឹមថ្ងៃពុធ មនុស្ស ៥៩៨ នាក់ត្រូវបានសម្លាប់ដោយកងកំលាំងសន្តិសុខចាប់តាំងពីមានរដ្ឋប្រហារ ហើយអាជ្ញាធរក៏កំពុងឃុំខ្លួនមនុស្ស ២.៨៤៧ នាក់ផងដែរ៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ