ចក្រភពអង់គ្លេសមិនទាន់សម្រេចចិត្តលើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំនោះទេ
បរទេស៖ នាយកដ្ឋានសុខភាពរបស់ចក្រភពអង់គ្លេស បាននិយាយថា ខ្លួនមិនបានធ្វើការសម្រេចចិត្តណាមួយអំពីវ៉ាក់សាំងការពារជំងឺកូវីដ ១៩ សម្រាប់ក្មេងជំទង់ អាយុពី ១២ ទៅ ១៥ ឆ្នាំទេ ។
នាយកដ្ឋាននេះ បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈអ៊ីមែលមួយកាលពីល្ងាចថ្ងៃពុធថា “គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងចំពោះការចាក់វ៉ាក់សាំងដល់ក្មេងអាយុ ១២-១៥ ឆ្នាំទេ ហើយវាមិនត្រឹមត្រូវទេក្នុងការផ្តល់យោបល់ផ្សេង” ។
យ៉ាងណាម៉ិញ NHS ត្រូវបានគេប្រាប់ឱ្យរៀបចំសម្រាប់ “ការដាក់ឱ្យដំណើរការកម្មវិធីវ៉ាក់សាំងកុមារអាយុពី ១២ ទៅ ១៥ ឆ្នាំ ដែលមានសុខភាពល្អ ចាប់ផ្តើម នៅថ្ងៃទី ៦ ខែកញ្ញា” នេះបើយោងតាមអ៊ីមែល ដែលផ្ញើដោយការិយាល័យប្រចាំតំបន់របស់ NHS ប្រទេសអង់គ្លេស។
ជាងនេះទៀតសោដ មន្រ្តីសុខាភិបាលបាននិយាយថា កុមារនឹងមិនត្រូវការការយល់ព្រមពីឪពុកម្តាយដើម្បីចាក់វ៉ាក់សាំងក្រោមកម្មវិធីចាក់ថ្នាំបង្ការនៅសាលានោះទេ ប៉ុន្តែមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់មន្រ្តីនោះទេ។
គួររំលឹកថា នាយកដ្ឋានសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដោយសំដៅដល់គណៈកម្មការចម្រុះស្តីពីការចាក់វ៉ាក់សាំងនិងក្រសួងសុខាភិបាលថា “រដ្ឋមន្ត្រីមិនទាន់ទទួលបានដំបូន្មានបន្ថែមពី JCVI លើក្រុមក្មេងអាយុនេះទេ។ យើងបន្តរៀបចំផែនការសម្រាប់កាលៈទេសៈច្រើន ដើម្បីធានាថា យើងបានត្រៀមខ្លួនសម្រាប់គ្រប់ហេតុការណ៍ទាំងអស់ លើការចាក់ថ្នាំបង្ការរោគ។ NR