បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រាប់ក្រុមប្រឹក្សាសន្តិសុខឲ្យធ្វើសកម្មភាពដើម្បីជៀសវាង “ការបង្ហូរឈាម” នៅក្នុងប្រទេសមីយ៉ាន់ម៉ា
វ៉ាស៊ីនតោន៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិស្តីពីមីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener បានប្រាប់ទៅសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា “ការបង្ហូរឈាមមួយនឹងកើតមាន” ពីព្រោះយោធាបានបង្ក្រាបកាន់តែខ្លាំងឡើងទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ។
លោកស្រី Schraner Burgener បានប្រាប់សម័យប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ នាក់ថា រដ្ឋប្រហារយោធាដែលដណ្តើមអំណាចនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈ មិនមានសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសទេ និងបានព្រមានថា ស្ថានភាពបង្ក្រាបនឹងកាន់តែអាក្រក់ឡើង នេះបើយោងតាមយោបល់ដែលបានចែករំលែកជាមួយអ្នកយកព័ត៌មាន។
លោកស្រីបន្ថែមថា “ត្រូវពិចារណារាល់ដំណោះស្រាយដែលមានដើម្បីចាត់វិធានការសមូហភាព និងធ្វើអ្វីដែលត្រូវ អ្វីដែលប្រជាជនមីយ៉ាន់ម៉ាសមនឹងទទួល និងការពារមហន្តរាយពហុបែបនៅចំកណ្តាលបេះដូងនៃទ្វីបអាស៊ី” ។ ហើយត្រូវតែពិចារណាពី “សកម្មភាពដ៏មានសក្តានុពល” ដើម្បីបញ្ច្រាសទិសដៅនៃព្រឹត្តិការណ៍ដែលថា “ការបង្ហូរឈាមគឺជិតមកដល់ហើយ” ។
បើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ យ៉ាងហោចណាស់មានជនស៊ីវិល ៥២១ នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ដោយ ១៤១ នៃពួកគេនៅថ្ងៃសៅរ៍គឺជាថ្ងៃបង្ហូរឈាមច្រើនបំផុតនៃភាពចលាចលមួយនេះ។
ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Barbara Woodward បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយបន្ទាប់ពីបញ្ចប់សន្និសីទក្រុមប្រឹក្សាថា “អំពើហឹង្សាដោយពួកយោធាគឺមិនអាចទទួលយកបានទាំងស្រុងទេ ហើយទាមទារអោយមានសាររឹងមាំពីសហគមន៍អន្តរជាតិ” ។
រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាបានចេញសេចក្តីថ្លែងការណ៍ចំនួន ២ ដែលសម្តែងការព្រួយបារម្ភ និងថ្កោលទោសអំពើហឹង្សាប្រឆាំងនឹងក្រុមបាតុករ ប៉ុន្តែបានបោះបង់ចោលភាសា ថ្កោលទោសកងទ័ពដែលកាន់កាប់ដោយរដ្ឋប្រហារនិងគំរាមកំហែងដល់សកម្មភាពដែលអាចកើតមានជាបន្តទៀតវិញ ដោយសារតែការប្រឆាំងរបស់ចិន រុស្ស៊ី ឥណ្ឌា និងវៀតណាម។