បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជំរុញឱ្យធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (ហៅកាត់ IMF) កាលពីថ្ងៃពុធ ដើម្បីបន្តការគាំទ្រផ្នែកហិរញ្ញប្បទានដល់ប្រទេសអាហ្វហ្គានីស្ថាន ដែលជាប់គាំងសាច់ប្រាក់សម្រាប់ការកសាងឡើងវិញ។
ការកាន់កាប់របស់ក្រុមតាលីបង់ក្នុងខែសីហា បានឃើញទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរាប់ពាន់លានដុល្លារត្រូវបានបង្កក ហើយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានផ្អាកការទទួលបានមូលនិធិ ទោះបីជាជំនួយមនុស្សធម៌បានបន្តក៏ដោយ។
ធនាគារអស់សាច់ប្រាក់ មន្ត្រីរាជការមិនបានប្រាក់ខែ ហើយតម្លៃម្ហូបអាហារក៏ឡើងថ្លៃ។ IMF បាននិយាយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានត្រូវបានកំណត់ថា នឹងធ្លាក់ចុះដល់ទៅ ៣០% នៅឆ្នាំនេះ ដែលអាចជំរុញឱ្យមានវិបត្តិជនភៀសខ្លួន។
លោក Wang Yi បាននិយាយតាមរយៈវីដេអូភ្ជាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសមកពីប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថានថា "អាហ្វហ្គានីស្ថានត្រូវការការរស់ឡើងវិញលើគ្រប់វិស័យ ហើយការអភិវឌ្ឍន៍គឺជាអាទិភាពកំពូល" ។
ជាងនេះទៀតសោដ លោកបានបន្តការអំពាវនាវឱ្យសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ដកទណ្ឌកម្មឯកតោភាគីលើអាហ្វហ្គានីស្ថាន និងឱ្យអង្គការសុខភាពពិភពលោក ផ្តល់វ៉ាក់សាំង និងការផ្គត់ផ្គង់វេជ្ជសាស្រ្តបន្ថែមទៀត ដើម្បីជួយអាហ្វហ្គានីស្ថានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
គួររំលឹកថា ចិនបាននិយាយថា ខ្លួននឹងបញ្ជូនជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់តម្លៃ ៣០ លានដុល្លារ ទៅអាហ្វហ្គានីស្ថាន។ NR