SHANGHAI៖ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថា ប៉ូលីសចិនបានចាប់ខ្លួនមនុស្សជាង ៨០ នាក់ និងរឹបអូសវ៉ាក់សាំង COVID-19 ក្លែងក្លាយ ដែលមានចំនួនជាង ៣.០០០ ដូសដែលជាផ្នែកមួយនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាក់ទងនឹងវ៉ាក់សាំង។
ព័ត៍មានត្រូវបានចុះផ្សាយនៅថ្ងៃច័ន្ទនេះថា ជនសង្ស័យត្រូវបានគេធ្វើឧបាយកលចាប់ យ៉ាងហោចណាស់តាំងពីខែកញ្ញាឆ្នាំទៅម្លេះ។
វ៉ាក់សាំងក្លែងក្លាយត្រូវបានបង្កើតឡើងដោយការចាក់បញ្ចូលជាតិប្រៃទៅក្នុងសឺរ៉ាំង។ កាសែត Global Times ដែលគាំទ្រដោយរដ្ឋាភិបាលបានរាយការណ៍ថា យោងតាមប្រភពដែលស្និទ្ធនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងធំមួយរបស់ចិនបានអោយដឹងថា ជនសង្ស័យអាចមានគោលបំណងបញ្ជូនវ៉ាក់សាំងទៅបរទេស។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានបន្តថា ប្រតិបត្តិការរបស់ប៉ូលីសត្រូវបានអនុវត្តដោយប៉ូលីសនៅកន្លែងជាច្រើន រួមមានទីក្រុងប៉េកាំង ស៊ាងហៃ និងខេត្តសានដុងភាគខាងកើត។
បណ្តាប្រទេសនៅជុំវិញពិភពលោកបាននឹងកំពុងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងក្នុងក្តីសង្ឃឹមថានឹងនាំឱ្យមានការឆ្លងរាតត្បាតវីរុសដែលមានរយៈពេលមួយឆ្នាំដល់ទីបញ្ចប់។