កូរ៉េ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្តីបន្ទោសមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ចំពោះការបរាជ័យក្នុងការងារប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតដែលនាំឱ្យមានវិបត្តិសេដ្ឋកិច្ច ដែលមិនបានបញ្ជាក់ច្បាស់លាស់ ហើយធ្វើឱ្យសុវត្ថិភាពរបស់ប្រទេសនិងប្រជាជនស្ថិតក្នុងគ្រោះថ្នាក់។
របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA មិនបានបញ្ជាក់សេចក្តីលម្អិតអំពីអ្វីដែលបានកើតឡើង ឬថាតើវាធ្វើឱ្យមនុស្សមានគ្រោះថ្នាក់យ៉ាងដូចម្តេចនោះទេ។
ប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ជាផ្លូវការនូវករណីណាមួយនៃជំងឺកូវីដ១៩ ទេ នេះជាការអះអាងដែលត្រូវបានសាកសួរដោយមន្ត្រីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ ប៉ុន្តែប្រទេសនេះបានដាក់ខ្លួនឯងអោយនៅដាច់ឆ្ងាយ បានដាក់ចេញនូវវិធានការប្រឆាំងនឹងមេរោគយ៉ាងតឹងរឹង រួមមាន ការបិទព្រំដែននិងការទប់ស្កាត់ការធ្វើដំណើរក្នុងស្រុក។
KCNA បានផ្សាយថា លោក គីម បានកោះហៅប្រជុំគណបក្សពលករកូរ៉េ ដើម្បីដោះស្រាយបញ្ហានៃការធ្វេសប្រហែសរបស់នាយកប្រតិបត្តិគណបក្សមួយចំនួន រួមទាំងការមិនអនុវត្តនូវវិធានការណ៍រយៈពេលវែងសំខាន់ៗដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។
សេចក្តីរាយការណ៍នោះបានផ្សាយទៀតថា “លោកបានលើកឡើងថា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការរដ្ឋសំខាន់ៗបានធ្វេសប្រហែសការអនុវត្តសេចក្តីសម្រេចចិត្តសំខាន់ៗរបស់បក្ស…ហេតុដូច្នេះហើយបានបង្កឱ្យមានករណីដ៏សំខាន់នៃការបង្កើតវិបត្តិសេដ្ឋកិច្ចដ៏ធំក្នុងការធានាសន្តិសុខរបស់រដ្ឋនិងសុវត្ថិភាពរបស់ប្រជាជន និងបានឡើងរបាយការណ៍ដោយនិយាយថា “ផលវិបាកធ្ងន់ធ្ងរ” ។
គួររំលឹកថា សមាជិកការិយាល័យនយោបាយ លេខាធិការនៃគណៈកម្មាធិការកណ្តាល និងមន្រ្តីនៃទីភ្នាក់ងាររដ្ឋជាច្រើន ត្រូវបានផ្លាស់ប្តូរនៅឯកិច្ចប្រជុំនោះ ដោយសារព័ត៌មាន KCNA មិនបានបញ្ជាក់ ថាតើការផ្លាស់ប្តូរនេះទាក់ទងនឹងការធ្វេសប្រហែសនៃកាតព្វកិច្ចដែលទាក់ទងនឹងជំងឺរាតត្បាតក៏អត់។ NR