អង្គការសុខភាពពិភពលោក កំពុងពិនិត្យឡើងវិញនូវទិន្នន័យកូវីដ ១៩ របស់កោះ Seychelles បន្ទាប់ពីមនុស្សបានចាក់វ៉ាក់សាំងពេញលេញ នៅតែធ្វើតេស្តឃើញលទ្ធផល វិជ្ជមាន
អន្តរជាតិ៖ អង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងពិនិត្យឡើងវិញនូវទិន្នន័យជំងឺឆ្លងកូរូណាវីរុសពីកោះ Seychelles បន្ទាប់ពីក្រសួងសុខាភិបាលបាននិយាយថា មនុស្សជាងមួយភាគបីនៃអ្នកដែលបានធ្វើតេស្តិ៍វិជ្ជមានលើជំងឺកូវីដ១៩ កាលពីសប្តាហ៍មុនដែលជាអ្នកបានទទួលវ៉ាក់សាំងគ្រប់ចំនួនពេញលេញ។
ទាំងក្រសួង និងអង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ថា ភាគច្រើននៃអ្នកដែលបានធ្វើតេស្តវិជ្ជមាន ជាអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬបានទទួលវ៉ាក់សាំងតែមួយដង ដែលគ្មាននរណាម្នាក់បានស្លាប់បន្ទាប់ពីបានទទួលចាក់វ៉ាក់សាំងពេញលេញនោះទេ ហើយស្ទើរតែទាំងអស់នៃអ្នកដែលត្រូវការការព្យាបាលក្នុងករណីធ្ងន់ធ្ងរ គឺជាអ្នកមិនបានទទួលវ៉ាក់សាំងសោះ។
ប៉ុន្តែអង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅក្នុងប្រទេសមហាសមុទ្រឥណ្ឌាមួយនេះ ដែលមានចំនួនប្រជាជនតិចជាង ១០០.០០០ នាក់ និងមានករណីប្រចាំថ្ងៃនៅក្រោម ១០០ ករណី។
គួររលឹកថា រហូតមកដល់ពេលនេះ ៥៧% នៃអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ បានទទួលវ៉ាក់សាំងពី ក្រុមហ៊ុនផលិតថ្នាំរបស់ចិនឈ្មោះ Sinopharm ខណៈ ៤៣% បានទទួលថ្នាំបង្ការ AstraZeneca (AZN.L) ។ ភាគរយជិត ៦០% នៃចំនួនប្រជាជនបានទទួលវ៉ាក់សាំងពីរដង នេះបើយោងតាមអង្គការសុខភាពពិភពលោកបញ្ជាក់។