សម្រាប់មនុស្សភាគច្រើន ការបង្កើត snowman (ពូនព្រិល) គឺជាការងារដ៏លំបាកមួយ ប៉ុន្តែគ្រួសារមួយនៅរដ្ឋColorado ស្ថិតនៅលើកម្រិតមួយផ្សេងទៀតជាមួយនឹងរូបចម្លាក់ព្រិលពស់ ដែលហាក់ដូចជារស់រវើក។

Morn Mosley និងបងប្អូនទាំង ៥ នាក់ បានចំណាយពេល ១០ ម៉ោងធ្វើការលើគំរូពស់ឆ្នាំនេះដែលធ្វើអោយអ្នកស្រុកមានភាពរីករាយលើទស្សនីយភាពនេះ។ រូបពស់នេះមានប្រវែងប្រហែល ៧៧ ហ្វីត (២៣ ម៉ែត្រ) ហើយស្ថិតនៅក្នុងសួនច្បារខាងមុខផ្ទះម្ដាយរបស់គាត់។


ខ្សែវីដេអូដែលចែករំលែកនៅលើបណ្តាញសង្គម Instagram (គណនីឈ្មោះ chingerdingz) ដោយលោក Mosley បង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុម ដើម្បីបង្កើតរូបពស់នេះឡើងមក។ ក្រុមរបស់គាត់បានបង្កើតរូបរាងសត្វមុនពេលប្រើថ្នាំបាញ់ ដើម្បីបន្ថែមពណ៌និងដាក់ស្រមោល។

រូបចម្លាក់នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកធ្វើដំណើរឆ្លងកាត់ និងអ្នកជិតខាងដែលសុទ្ធសឹងតែជាទីពេញចិត្ត។ លោក Mosley បាននិយាយថា “ពួកគេទាំងអស់គ្នាឈប់ហើយថតរូបនេះ” ។


ម្យ៉ាងវិញទៀត នៅលើទំព័រហ្វេសប៊ុករបស់គាត់ មនុស្សជាច្រើនបាននិយាយថា ពួកគេបានឃើញរូបចម្លាក់នេះហើយ មិនសរសើរមិនបានទៅលើក្រុមគ្រួសារមួយនេះចំពោះស្នាដៃដ៏អស្ចារ្យបែបនេះ។

គួររំលឹកថា នេះមិនមែនជាលើកទីមួយឡើយដែលក្រុមគ្រួសារ Mosley ត្រូវបានគេសរសើរ ព្រោះនៅឆ្នាំ ២០១៩ រូបចម្លាក់សត្វខ្លារបស់ពួកគេត្រូវបានចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយទទួលបានការកោតសសើរយ៉ាងក្រៃលែងដូចគ្នាដែរ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ