កុងហ្គោ៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃច័ន្ទថា យ៉ាងហោចណាស់មនុស្ស ៥៥ នាក់ ត្រូវបានសម្លាប់ក្នុងមួយយប់ នៅក្នុងការវាយប្រហារចំនួន ២ លើភូមិនានានៅភាគខាងកើតប្រទេសកុងហ្គោ (Congo)។ វាជារាត្រីដ៏អាក្រក់បំផុតនៃអំពើហឹង្សាសំរាប់តំបន់នេះ ក្នុងរយៈពេល ៤ ឆ្នាំ កន្លងមក។

កងទ័ពនិងក្រុមស៊ីវិលក្នុងស្រុក បានដាក់ការស្តីបន្ទោសលើកងកំលាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ហៅកាត់ ADF) ដែលជាក្រុមប្រដាប់អាវុធអ៊ីស្លាម ពីបទវាយឆ្មក់ភូមិ Tchabi និងជំរំសម្រាប់ប្រជាជនដែលផ្លាស់ទីលំនៅក្បែរទីក្រុង Boga ជាភូមិមួយផ្សេងទៀត។ ភូមិទាំងពីរនេះ នៅជិតព្រំដែនប្រទេស Uganda

ការិយាល័យកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្ទះសំបែងជាច្រើនត្រូវបានដុតបំផ្លាញ និងជនស៊ីវិលរាប់សិបនាក់ត្រូវបានចាប់ខ្លួន។យ៉ាងណាម៉ិញ យោងទៅតាមអង្គការសហប្រជាជាតិ ក្រុម ADF ត្រូវបានគេជឿថា បានសម្លាប់មនុស្សជាង ៨៥០ នាក់ ក្នុងឆ្នាំ ២០២០ នៅក្នុងការវាយប្រហារសងសឹកទៅលើជនស៊ីវិល បន្ទាប់ពីកងទ័ពបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងនឹងពួកគេកាលពីមួយឆ្នាំមុន។

ម៉្យាងវិញទៀត កាលពីខែមីនា សហរដ្ឋអាមេរិកបានកំណត់សំគាល់ ក្រុម ADF ថា ជាអង្គភាពភេរវករបរទេស។ កាលពីមុន ក្រុមនេះបានប្រកាសភាពស្មោះត្រង់ចំពោះក្រុមរដ្ឋអ៊ីស្លាម ទោះបីជាអង្គការសហប្រជាជាតិនិយាយថា ភ័ស្តុតាងដែលភ្ជាប់វាទៅនឹងបណ្តាញសកម្មប្រយុទ្ធឥស្លាមផ្សេងទៀតគឺមិនគ្រប់គ្រាន់ទេ។

តួយ៉ាង ប្រធានាធិបតី លោក Felix Tshisekedi បានប្រកាសពីការឡោមព័ទ្ធនៅតាមខេត្ត North Kivu និង Ituri របស់ប្រទេសកុងហ្គោ កាលពីថ្ងៃទី ១ ខែឧសភា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការវាយប្រហារដែលកើនឡើងដោយក្រុមសកម្មប្រយុទ្ធ។

ស្របពេលជាមួយគ្នានោះ ប្រទេស Uganda ក៏បានប្រកាសកាលពីដើមខែនេះថា ខ្លួនបានយល់ព្រមចែករំលែកលើការស៊ើបការណ៍ និងសំរបសំរួលប្រតិបត្តិការប្រឆាំងនឹងក្រុមឧទ្ទាម ប៉ុន្តែគេមិនបានដាក់ពង្រាយកងទ័ពនៅកុងហ្គោទេ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ