អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (ហៅកាត់ CDC) បាននិយាយនៅថ្ងៃពុធនេះថា ស្ត្រីមានផ្ទៃពោះគួរតែត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដោយផ្អែកលើការវិភាគថ្មីមួយដែលមិនបង្ហាញពីការកើនឡើងហានិភ័យនៃការរលូតកូននោះទេ។

CDC បាននិយាយថា ខ្លួនមិនបានរកឃើញការព្រួយបារម្ភអំពីសុវត្ថិភាពសម្រាប់អ្នកមានផ្ទៃពោះនៅក្នុងការវិភាគថ្មី ឬការសិក្សាមុននោះទេ។ គេនិយាយថា អត្រារលូតកូនបន្ទាប់ពីការចាក់វ៉ាក់សាំងគឺប្រហាក់ប្រហែលនឹងអត្រារំពឹងទុក។ ស្ត្រីមានផ្ទៃពោះអាចទទួលថ្នាំបង្ការណាមួយក្នុងចំណោមវ៉ាក់សាំងទាំង៣ ដែលផ្តល់ការអនុញ្ញាតជាបន្ទាន់ មានដូចជា Pfizer (PFE.N), Moderna (MRNA.O) ឬ Johnson & Johnson (JNJ.N)។

ទីភ្នាក់ងារនេះ មិនធ្លាប់ណែនាំស្ត្រីមានផ្ទៃពោះឱ្យចាក់វ៉ាក់សាំងទេ ប៉ុន្តែបាននិយាយថា ពួកគេគួរតែពិភាក្សាអំពីការចាក់វ៉ាក់សាំងជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់ពួកគេ។

យ៉ាងណាម៉ិញ ការទទួលថ្នាំបង្ការចំពោះស្ត្រីមានផ្ទៃពោះមានកម្រិតទាបដោយមានតែ ២៣% ប៉ុណ្ណោះ ដែលទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់ចំនូនមួយដូស។

គួររំលឹកថា យោងតាម CDC បានឱ្យដឹងថា ការមានផ្ទៃពោះបង្កើនហានិភ័យនៃជំងឺធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ហើយមានជំងឺកូវីដ១៩ អំឡុងពេលមានផ្ទៃពោះបង្កើនហានិភ័យនៃការកើតមិនគ្រប់ខែ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ