អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកជួបជាមួយប្រធានអង្គការសុខភាពពិភពលោក គាំទ្រការសិក្សាអំពីប្រភពដើមនៃជំងឺកូវីដ១៩
WASHINGTON៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជួបជាមួយប្រធានអង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ ហើយបានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រដល់ផែនការរបស់អង្គការសុខភាពពិភពលោកដើម្បីធ្វើការសិក្សាបន្ថែមទៅលើប្រភពដើមនៃជំងឺកូវីដ១៩ រួមទាំងនៅប្រទេសចិនផងដែរ។
កាលពីដើមខែនេះ អង្គការសុខភាពពិភពលោកបានអំពាវនាវឲ្យប្រទេសទាំងអស់ធ្វើការរួមគ្នាដើម្បីស្រាវជ្រាវរកប្រភពដើមនៃវីរុស ដែលបណ្តាលឱ្យមានជំងឺកូវីដ១៩ ។ ផ្ទុយទៅវិញ ប្រទេសចិន បានច្រានចោលផែនការសម្រាប់ការត្រួតពិនិត្យបន្ថែមលើមន្ទីរពិសោធន៍ និងទីផ្សារនៅក្នុងទឹកដីរបស់ខ្លួន។
ក្រសួងការបរទេសបាននិយាយថា លោក Antony Blinken បានជួបជាមួយ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក នៅទីក្រុងគុយវ៉ែត និងបានពិភាក្សាអំពីផែនការសម្រាប់ការសិក្សាបន្ថែមទៀតអំពីដើមកំណើតនៃជំងឺរាតត្បាតនេះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Ned Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "លោកបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ដំណាក់កាលបន្ទាប់ឱ្យបានទាន់ពេលវេលា រួមទាំង ភ័ស្តុតាងផ្អែកលើតម្លាភាព ដឹកនាំដោយអ្នកជំនាញ និងគ្មានការជ្រៀតជ្រែក" ។
គួររំលឹកថា ករណីដំបូងនៃជម្ងឺកូវីដ១៩ ដែលបានឆ្លងមកមនុស្ស ត្រូវបានគេរាយការណ៍ នៅទីក្រុងវ៉ូហាន ភាគកណ្តាលនៃប្រទេសចិន កាលពីខែធ្នូ ឆ្នាំ ២០១៩ ។ NR