ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពាវនាវឱ្យមានប្រព័ន្ធផ្សព្វផ្សាយពិភពលោកឱ្យកាន់តែទូលំទូលាយ
ចិន៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា ប្រទេសត្រូវតែកែលម្អវិធីដែលខ្លួនប្រាប់រឿងរ៉ាវរបស់ខ្លួន ទៅកាន់ទស្សនិកជនទូទាំងពិភពលោក ខណៈប្រទេសនេះព្យាយាមអភិវឌ្ឍសំឡេងអន្តរជាតិដែលឆ្លុះបញ្ចាំងពីស្ថានភាពរបស់ខ្លួននៅលើឆាកពិភពលោក។
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សារបស់បក្សកុម្មុយនិស្ត លោក ស៊ី ជីនពីង បាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសចិនក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយសារលិខិតរបស់ខ្លួននៅទូទាំងពិភពលោក ដើម្បីបង្ហាញពីប្រទេសចិនដែលមានលក្ខណៈ “ពិតប្រាកដ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ”។
លោក ស៊ី ជីនពីង បានបន្តទៀតថា ប្រទេសចិនចាំបាច់ត្រូវបង្កើត “សំលេងអន្តរជាតិ” ដើម្បីផ្គូរផ្គងកម្លាំងជាតិ និងស្ថានភាពទៅពិភពលោក។ វាក៏ចាំបាច់ត្រូវពង្រឹងកិច្ចប្រឹងប្រែងឃោសនាដើម្បីជួយជនបរទេសឱ្យយល់ពីបក្សកុម្មុយនិស្តចិន និងវិធីដែល "ខិតខំដើម្បីសុភមង្គលរបស់ប្រជាជនចិន" ។
លោកបានបន្ថែមថា ប្រទេសចាំបាច់ត្រូវបង្កើតក្រុមអ្នកជំនាញ និងអនុម័ត “វិធីសាស្ត្រទំនាក់ទំនងច្បាស់លាស់” សម្រាប់តំបន់ផ្សេងៗគ្នា។
គួររលឹកថា ទំនាក់ទំនងរបស់ចិនជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស កាន់តែតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារព័ត៌មានក្នុងស្រុកដូចជា កាសែត Global Times តែងតែជ្រើសរើសអ្នកយកព័ត៌មានបរទេស សម្រាប់អ្វីដែលគេនិយាយថា មានភាពលំអៀង និងពោរពេញដោយអយុត្តិធម៌។ NR