ហ្វីលីពីន៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹង “បណ្តោយតាមព្រះជាម្ចាស់” ថាតើលោកនឹងឈរឈ្មោះជាអនុប្រធាននៅក្នុងការបោះឆ្នោតឆ្នាំក្រោយឬយ៉ាងណា ដែលឆ្លើយតបទៅនឹងការរំពឹងទុកដែលថា លោកអាចព្យាយាមធ្វើបែបនេះដើម្បីកាន់អំណាចបានយូរជាងនេះ។
លោក Duterte មិនអាចឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតឡើងវិញបានទេនៅឆ្នាំ ២០២២ ក្រោមរដ្ឋធម្មនុញ្ញដែលកំណត់ប្រធានាធិបតីសម្រាប់អាណត្តិ ៦ ឆ្នាំ បានតែម្តងប៉ុណ្ណោះ ប៉ុន្តែអាចកាន់តំណែងដែលបានជាប់ឆ្នោតមួយទៀត រួមទាំងតំណែងជាអនុប្រធាននោះផងដែរ។ វាមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសហ្វីលីពីនសម្រាប់អតីតប្រធានាធិបតីដែលឈរឈ្មោះសម្រាប់តំណែងថ្នាក់ក្រោម។
ការស្ទង់មតិបង្ហាញថា លោក Duterte នៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសហ្វីលីពីន ទោះបីជាមានរឿងអាស្រូវទាក់ទងនឹងជំហរគាំទ្រចិនដ៏ចម្រូងចម្រាសក៏ដោយ រួមទាំងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ក៏ដូចជាការរិះគន់ជាសាធារណៈជុំវិញការគ្រប់គ្រងរបស់រដ្ឋាភិបាលរបស់លោកចំពោះការរីករាលដាលនៃមេរោគឆ្លងនៃប្រទេសនេះ។
ស្របពេលជាមួយគ្នានេះ កូនស្រីរបស់លោក Duterte ឈ្មោះ សារ៉ា (Sara) បានឈរលំដាប់កំពួលលើការស្ទង់មតិផ្សេងមួយទៀតលើបេក្ខភាពប្រធានាធិបតីដែលគេពេញចិត្ត បើទោះបីជាលោកស្រីបាននិយាយម្តងហើយម្តងទៀតថា លោកស្រីមិនចង់បានការងារជាប្រធានាធិបតីនេះទេ។
អ្នកវិភាគនយោបាយមានការងឿងឆ្ងល់ចំពោះការខ្វះចំណាប់អារម្មណ៍របស់ លោកស្រី សារ៉ា ក្នុងការឈរឈ្មោះ ហើយនិយាយថា ក្នុងនាមជាប្រធានាធិបតីលោកស្រីអាចការពារឪពុកលោកស្រីពីបញ្ហាប្រឈមផ្នែកច្បាប់ និងការសងសឹកនយោបាយនៅពេលលោកបាត់បង់អភ័យឯកសិទ្ធិរបស់លោក។ NR