បាងកក៖ ក្រសួងសុខាភិបាលប្រទេសថៃបាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិកពេទ្យជាង ៦០០ នាក់ ដែលបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ (SVA.O) ចំនួន ២ ដូស បានឆ្លងវីរុសកូវីដ១៩ ដោយអាជ្ញាធរមានបំណងចង់ផ្តល់កម្រិតថ្នាំថែមទៀតដើម្បីបង្កើនភាពស៊ាំ។
ទិន្នន័យរបស់ក្រសួងសុខាភិបាលពីខែមេសា ដល់ខែកក្កដា បានបង្ហាញថា ក្នុងចំណោមបុគ្គលិកពេទ្យ ៦៧៧,៣៤៨ នាក់ ដែលបានទទួលថ្នាំស៊ីណូវ៉ាក់ មាន ៦១៨ នាក់ បានឆ្លងជំងឺនេះ។ ជាងនេះទៅទៀត គិលានុបដ្ឋាយិកាម្នាក់បានស្លាប់ ហើយបុគ្គលិកពេទ្យម្នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
មន្ត្រីជំនាញជាន់ខ្ពស់ លោក Sopon Iamsirithawon បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍នូវកម្រិតទី ៣ ដើម្បីបង្កើនភាពស៊ាំចំពោះបុគ្គលិកពេទ្យដែលមានហានិភ័យ។
សេចក្តីប្រកាសនេះ ធ្វើឡើងនៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍ថា មានការឆ្លងរាលដាលក្នុងសហគមន៍ចំនួន ៩,៤១៨ ករណី ក្នុងចំនួនខ្ពស់បំផុតកាលពីថ្ងៃអាទិត្យ។ កាលពីថ្ងៃសៅរ៍ អាជ្ញាធរបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងវីរុសថ្មីចំនួន ៩១ នាក់ ផងដែរ។
ភាគច្រើននៃបុគ្គលិកផ្នែកវេជ្ជសាស្រ្តនិងបុគ្គលិកជួរមុខរបស់ប្រទេសថៃ ត្រូវបានគេចាក់ថ្នាំបង្ការ ស៊ីណូវ៉ាក់ បន្ទាប់ពីខែកុម្ភៈ ជាមួយនឹងវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca (AZN.L) ដែលបានមកដល់ក្នុងខែមិថុនា។
ប្រទេសថៃរំពឹងថានឹងបានទទួលពីការបរិច្ចាគវ៉ាក់សាំងប្រភេទ Pfizer-BioNTech (PFE.N), (២២UAy.DE) ចំនួន ១.៥ លាន ពីសហរដ្ឋអាមេរិកនៅចុងខែនេះ ហើយបានបញ្ជាទិញចំនួន ២០ លានដូស បន្ថែមទៀតដែលនឹងត្រូវដឹកជញ្ជូនបន្ទាប់ពីខែតុលា៕