ការបិទទ្វារនៃនូវែលសេឡង់ (New Zealand) ចំណាយអស់រាប់លានដុល្លារក្នុងមួយថ្ងៃសំរាប់អាជីវកម្មនៅអូកឡែន (Auckland)
WELLINGTON៖ អភិបាលក្រុងធំបំផុតនៅអូកឡែននៃប្រទេសនូវែលសេឡង់បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រជាជនរបស់ខ្លួនគួរតែត្រូវបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងបន្ទាប់ពីទីក្រុងនេះ ត្រូវបានគេប្រកាសបិទទ្វារជាលើកទី ៤ កាលពីចុងសប្តាហ៍ដោយចំណាយប្រាក់រាប់លានដុល្លារក្នុងមួយថ្ងៃ។
ការបិទទ្វាររយៈពេល ៧ ថ្ងៃនៃចំនួនប្រជាជនជិត ២ លាននាក់ ត្រូវបានបង្កឡើងដោយសារតែករណីមនុស្សម្នាក់បានឆ្លងជំងឺរយៈពេលមួយសប្តាហ៍ ប៉ុន្តែមិនបាននៅដាច់ដោយឡែកពីគេនោះទេ។
ការបិទទ្វារនេះបានធ្វើឱ្យព្រឹត្តិការណ៍កីឡានិងវប្បធម៌ សំខាន់ៗជាច្រើនត្រូវបានលុបចោល ឬពន្យារពេលនៅអូកឡែន។
វាក៏បានបង្កឱ្យមានភាពវឹកវរចរាចរណ៍ផងដែរកាលពីចុងសប្តាហ៍ ដោយអ្នកដំណើរបានជាប់នៅឯប៉ុស្តិ៍ត្រួតពិនិត្យទីក្រុងរហូតដល់ទៅ ១០ ម៉ោង ដោយព្យាយាមទៅដល់ផ្ទះរបស់ពួកគេនៅអូកឡែន។
លោក Phil Goff អភិបាលក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុង អូកឡែន បាត់បង់ការងារចំនួនប្រមាណ ២០០ និងច្រើនជាង ៣០ លាន NZ (២១.៧ លានដុល្លារអាមេរិក) ក្នុងមួយថ្ងៃដែលស្ថិតក្រោមការហាមឃាត់កម្រិត ៣ ។
លោក Goff បានបន្តែមថា "យើងត្រូវការវ៉ាក់សាំងដោយគួរតែត្រូវបានផ្តល់ជាអាទិភាពនៅក្នុងទីក្រុង អូកឡែន ដើម្បីជៀសវាងការបិទទ្វារនាពេលអនាគត ទាំងលើការងារនិងប្រាក់ចំណូលហើយធានាថា អូកឡែន អាចដើរតួនាទីរបស់ខ្លួនក្នុងការគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ" ។
ឆ្លើយតបនឹងនេះដែរ លោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern បាននិយាយកាលពីថ្ងៃច័ន្ទថា ករណីចុងក្រោយនៃកូវីត ១៩ បានធ្វើឱ្យមាន “កំហុសជាច្រើន” ដោយរួមមានទំនាក់ទំនងជាមួយក្រុមគ្រួសារដែលបានឆ្លងជម្ងឺ។ បុគ្គលម្នាក់នោះនេះបាននិយាយថា ខ្លួនបានទៅលេងនៅទីសាធារណៈសូម្បីតែបន្ទាប់ពីបានធ្វើតេស្តកូវីតហើយ។
“វាមានផលវិបាកដ៏សាហាវមិនគួរឱ្យជឿ” ។ ប៉ុន្តែវាអាស្រ័យលើប៉ូលីសក្នុងការសំរេច ថាតើនឹងមានសកម្មភាពណាមួយប្រឆាំងនឹងជននេះ លោកស្រីបានបញ្ជាក់។ “មនុស្សធ្វើរឿងដែលមិនគប្បី ប៉ុន្តែយើងនឹងមិនដឹងបានទេ ប្រសិនបើមនុស្សមិនបានប្រាប់ការពិត” ។
គួររំលឹកថា ប្រទេសនូវែលសេឡង់ជាប្រទេសដែលជោគជ័យបំផុតមួយក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគនេះ បានរកឃើញថាមានតែជាង ២.០០០ ករណីនៃវីរុសនេះ ហើយមានមនុស្សស្លាប់ចំនួន ២៦ នាក់ចាប់តាំងពីពេលចាប់ផ្តើមការរាតត្បាត។