អង្គការសុខភាពពិភពលោកកាលពីថ្ងៃច័ន្ទបានចុះបញ្ជីវ៉ាក់សាំងកូវីត១៩ របស់ AstraZeneca នៃសាកលវិទ្យាល័យ Oxford សម្រាប់ការប្រើប្រាស់ជាបន្ទាន់ដោយពង្រីកលទ្ធភាពទទួលបានការចាក់ថ្នាំដែលមានតំលៃថោកសំរាប់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រាប់សារព័ត៌មានថា "ឥឡូវនេះយើងមានបំណែកទាំងអស់សម្រាប់ការចែកចាយវ៉ាក់សាំងយ៉ាងឆាប់រហ័ស ប៉ុន្តែយើងនៅតែត្រូវការបង្កើនសង្វាក់ផលិតកម្ម" ។ លោកបានបន្ថែមថា “យើងបន្តអំពាវនាវដល់អ្នកអភិវឌ្ឍន៍វ៉ាក់សាំងកូវីត១៩ បញ្ជូនឯកសាររបស់ពួកគេទៅអង្គការសុខភាពពិភពលោកដើម្បីពិនិត្យឡើងវិញ ស្របពេលជាមួយគ្នាដែលពួកគេបញ្ជូនទៅឱ្យនិយ័តករនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់” ។


សេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនបានអនុម័តវ៉ាក់សាំងដែលត្រូវបានផលិតដោយក្រុមហ៊ុន AstraZeneca-SKBio (សាធារណរដ្ឋកូរ៉េ) និងវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា។

តារាងបញ្ជីចេញដោយទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់អង្គការសុខភាពពិភពលោកបានផ្តល់នូវអនុសាសន៍បណ្តោះអាសន្នស្តីពីវ៉ាក់សាំងនេះដោយនិយាយថា វ៉ាក់សាំង ២ ដូសដែលមានចន្លោះពេលប្រហែល ៨ ទៅ ១២ សប្តាហ៍គួរតែត្រូវបានផ្តល់ដល់មនុស្សពេញវ័យទាំងអស់ ហើយអាចត្រូវបានប្រើនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលមានវ៉ារ្យ៉ង់នៃមេរោគនេះផងដែរ។


ការពិនិត្យរបស់អង្គការសុខភាពពិភពលោកបានរកឃើញថា វ៉ាក់សាំង AstraZeneca បានបំពេញតាមលក្ខណៈវិនិច្ឆ័យ “ត្រូវតែមាន” សម្រាប់សុវត្ថិភាព ហើយអត្ថប្រយោជន៍នៃប្រសិទ្ធភាពរបស់វាមានលើសពីហានិភ័យរបស់វា។


គួរកត់សំគាល់ផងដែរថា វ៉ាក់សាំងរបស់ AstraZeneca / Oxford ត្រូវបានគេអនុម័តដោយសារតែវាមានតម្លៃថោក និងងាយស្រួលចែកចាយជាងគូប្រជែងមួយចំនួនរួមទាំង Pfizer-BioNTech ដែលត្រូវបានចុះបញ្ជីសម្រាប់ប្រើប្រាស់ជាបន្ទាន់ដោយអង្គការសុខភាពពិភពលោកកាលពីចុងខែធ្នូ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ