CANBERRA៖ សមាជិកសភាអូស្រ្តាលីត្រូវបានគេរំពឹងថានឹងអនុម័តលើការធ្វើវិសោធនកម្មច្បាប់ដើម្បីបង្ខំឱ្យ Google និងហ្វេសប៊ុក បង់ប្រាក់ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសម្រាប់មាតិកាព័ត៌មាន ទោះបីជាមានការប្រឆាំងពីគណបក្សនយោបាយតូចៗមួយចំនួនក៏ដោយ។
រដ្ឋាភិបាលបានណែនាំការធ្វើវិសោធនកម្មលើ កូដចរចាប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីហ្វេសប៊ុកកាលពីសប្តាហ៍មុនបានបង្កើនជម្លោះអំពីច្បាប់ថ្មីដោយបំបិទដំណើរការរបស់អ្នកប្រើប្រាស់អូស្រ្តាលីមិនឱ្យចែករំលែក និងមើលមាតិកាព័ត៌មាននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមរបស់ខ្លួន។
ព្រឹទ្ធសភាអូស្ត្រាលីបានចាប់ផ្តើមជជែកដេញដោលអំពីការធ្វើវិសោធនកម្មកាលពីថ្ងៃពុធ។ គណបក្សសេរីនិយមដែលកំពុងកាន់អំណាចមិនមានសំឡេងច្រើននៅក្នុងសភាជាន់ខ្ពស់ទេ ប៉ុន្តែការគាំទ្រពីគណបក្សការងារប្រឆាំងត្រូវបានគេរំពឹងថា នឹងគ្រប់គ្រាន់ដើម្បីអនុម័តសេចក្តីព្រាងច្បាប់នេះ។
ចំណែកឯហ្វេសប៊ុកកាលពីថ្ងៃអង្គារបាននិយាយថា ខ្លួននឹងស្តារការចូលប្រើរបស់អ្នកប្រើប្រាស់អូស្រ្តាលីចំពោះព័ត៌មាន ដោយផ្អែកលើការសម្របសម្រួលដែលខ្លួនបានព្រមព្រៀងជាមួយរដ្ឋាភិបាល។
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ហិរញ្ញិកលោក Frydenberg នឹងផ្តល់ការសម្រេចថា Facebook ឬ Google មិនចាំបាច់ស្ថិតនៅក្រោមក្រមច្បាប់មួយនេះទេ ប្រសិនបើពួកគេចូលរួម “ចំណែកសំខាន់ក្នុងការរក្សានិរន្តរភាពនៃឧស្សាហកម្មសារព័ត៌មានអូស្រ្តាលី” ។
តាមរយៈសេចក្តីព្រៀងច្បាប់ដើម តម្រូវឱ្យក្រុមហ៊ុនយក្សបច្ចេកវិទ្យាដាក់ជូនការសំរេចទៅអាជ្ញាកណ្តាល ប្រសិនបើពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយក្រុមហ៊ុនព័ត៌មានអូស្រ្តាលីចំពោះខ្លឹមសាររបស់ពួកគេទេ នោះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលជាអ្នកកំណត់តម្លៃ។
អ្នកនយោបាយខ្លះមានការព្រួយបារម្ភថា ការផ្លាស់ប្តូរនេះនឹងអាចធ្វើឱ្យលោក Frydenberg លើកលែងអោយហ្វេសប៊ុក ឬ Google ពីច្បាប់ថ្មីនេះ ទោះបីជាពួកគេមិនធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទាំងអស់ក៏ដោយ។
សមាជិកព្រឹទ្ធសភាឯករាជ្យលោក Rex Patrick ដែលមានគម្រោងបោះឆ្នោតប្រឆាំងនឹងច្បាប់វិសោធនកម្មនេះបានប្រាប់ទៅទីភ្នាក់ងាររ៉យទ័រថា “ការផ្លាស់ប្តូរច្បាប់នេះគួរឱ្យកត់សម្គាល់។ ក្រុមហ៊ុនធំៗខ្លះអាចចរចាដោយជោគជ័យជាមួយហ្វេសប៊ុក ឬ Google ។ លោករដ្ឋមន្ត្រីមិនបានកំនត់ពួកគេទេ ហើយក្រុមហ៊ុនតូចៗទាំងអស់អាចនឹងមិនបានអ្វីសោះ” ។
លោក Frydenberg បាននិយាយថា លោកនឹងទុកពេលវេលាឱ្យក្រុមហ៊ុន Facebook និង Google ដើម្បីព្រមព្រៀងជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីមុនពេលសម្រេចចិត្តថា តើត្រូវអនុវត្តអំណាចថ្មីរបស់លោកឬយ៉ាងណា។