កម្មករអណ្តូងរ៉ែជនជាតិចិនចំនួន ២១ នាក់បានជាប់ក្នុងទឹកជំនន់ក្រោមដីនៅក្នុងអណ្តូងរ៉ែធ្យូងថ្ម Xinjiang
(ចិន)៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់សំដីពីនាយកដ្ឋានសង្គ្រោះបន្ទាន់ក្នុងស្រុកថា អ្នករុករករ៉ែចំនួន ៨ នាក់ ត្រូវបានជួយសង្គ្រោះ ហើយ ២១ នាក់នៅតែជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយដែលបានជន់លិចនៅតំបន់ Xinjiang ភាគពាយព្យប្រទេសចិន។
នៅក្នុងរបាយការណ៍បាននិយាយថា ផ្នែកមួយនៃអណ្តូងរ៉ែបានជន់លិចដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីបន្ទាប់ពីម៉ោង 6 ល្ងាច កាលពីថ្ងៃសៅរ៍ នៅពេលកម្មករអណ្តូងរ៉ែចំនួន ២៩ នាក់កំពុងធ្វើការនៅអណ្តូងរ៉ែដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Xinjiang ខេត្ត Hutubi ។
ផ្ទុយមកវិញ នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយផ្សេងទៀត ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Global Times បាននិយាយថា អ្នករុករករ៉ែ ១២ នាក់ដែលនៅជាប់នៅក្នុងអណ្តូងរ៉ែ គិតត្រឹមថ្ងៃអាទិត្យត្រូវបានគេរំពឹងថាបានជួយសង្គ្រោះ ខណៈដែលកម្មករ ៩ នាក់ទៀតមិនទាន់បានគេរកឃើញ ឬកំណត់ទីតាំងបាននៅឡើយទេ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងអណ្តូងរ៉ែនៅតែកំពុងបន្ត។
គួររំលឹកផងដែរថា អណ្តូងរ៉ែរបស់ចិនស្ថិតក្នុងចំណោមកន្លែងដែលមានអ្នកស្លាប់ច្រើនបំផុតនៅលើពិភពលោក។NR