កាណាដា៖ ប្រទេសកាណាដា បានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ១ លានករណី នេះបើយោងតាមការតាមដានដោយសារព័ត៌មានក្នុងស្រុក CBC News ក្នុងរយៈពេលជាង ១៤ ខែ ។
មកដល់រសៀលថ្ងៃសៅរ៍ បន្ទាប់ពីទីក្រុង British Columbia បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២.០៩០ ករណី ពីរថ្ងៃកន្លងមក ដែលកើតឡើងរហូត ឈានដល់រលកទីបីនៃការឆ្លងរាលដាល ហើយវ៉ារ្យ៉ង់វីរុសកាន់តែមានការកើនឥតឈប់ បណ្តាលឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។ នៅទូទាំងប្រទេស ចំនួនករណីនៃជំងឺកូវីដ១៩ ដែលបានបញ្ជាក់សរុបមានចំនួន ១.០០១.៦៥១ ករណី ក្នុងនោះ អ្នកស្លាប់មានចំនួន ២៣.០៥០ នាក់ ខណៈពេលមានអ្នកជាសះស្បើយចំនួន ៩២១.៤៦៥ នាក់ និងអ្នកមានផ្ទុកជំងឺចំនួន ៥៧.១៣៦ នាក់។
ប្រទេស កាណាដា បានរាយការណ៍ពីករណី ដំបូងរបស់ខ្លួនអំពីជំងឺកូវីដ១៩ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២០ បន្ទាប់ពីបុរសម្នាក់បានវិលត្រឡប់មកដល់ទីក្រុង តូរ៉ុនតូ ពីទីក្រុងវូហាន ប្រទេសចិន ដែលមេរោគនេះត្រូវបានរកឃើញដំបូង ប៉ុន្តែ គាត់មិនមានគ្រោះថ្នាក់ដល់ជីវិតទេ។
គួររំលឹកថា យោងតាមការតាមដានរបស់ CBC News បានអោយដឹងថា នៅពេលដែលអង្គការសុខភាពពិភពលោក បានប្រកាសពីការឆ្លងរាលដាលនៃវីរុសឆ្លងកូវីត១៩ ដែលបានរាតត្បាតជាសកលនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ ប្រទេស កាណាដា បានកត់ត្រានូវករណីប្រហែលជា ១៤០ ករណី និងម្នាក់បានស្លាប់។ ប្រទេសនេះបានឈានដល់ ១០០.០០០ ករណីប្រហែលរយៈពេល ៩៩ ថ្ងៃ បន្ទាប់ពីបានកត់ត្រាករណីដំបូងរបស់ខ្លួន៕NR