ប្រទេសកាណាដាបានរៀបចំធ្វើពិធីកាន់ទុក្ខដល់ជនរងគ្រោះដោយសារជំងឺកូវីដ-១៩ និងឧទ្ទិសដល់បុគ្គលិកសុខាភិបាលនៅថ្ងៃទី ១១ ខែមីនា
OTTAWA៖ នាយករដ្ឋមន្រ្តី Justin Trudeau បាននិយាយថា ប្រទេសកាណាដានឹងកាន់ទុក្ខដល់ជនរងគ្រោះដោយសារជំងឺកូវីត-១៩ ចំនួន ២២.០០០ នាក់របស់ប្រទេសនេះនៅថ្ងៃព្រហស្បតិ៍នេះ និងចូលរួមគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។
លោក Trudeau បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលបានប្រកាស “National Day of Observance” នៅថ្ងៃទី ១១ ខែមីនា ដោយបានអញ្ជើញជនជាតិកាណាដា ឱ្យចូលរួមរួមគ្នាដើម្បីគោរពដល់ការចងចាំរបស់អ្នកដែលយើងបានបាត់បង់ជីវិត និងដល់មនុស្សដែលពួកគេបន្សល់ទុកនៅ។ លោកបានបន្តថា គំនិតនេះក៏ដើម្បី “ឧទ្ទិសកុសលដល់អ្នកទាំងឡាយណាដែលបន្តខិតខំអស់ពីកំលាំងកាយចិត្ត និងធ្វើការលះបង់ដោយមិនសោកស្តាយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ” ។
គួរបញ្ជាក់ថា ប្រទេសកាណាដាបានឃើញករណីវីរុសសរុបចំនួន ៨៨៦.៥៧៤ ករណីនិងមានអ្នកស្លាប់ ២២.២៣៩ នាក់។
ទីបំផុត ប្រទេសកាណាដាបានទទួលរងនូវរលកទីពីរ និងអាចគ្រប់គ្រងស្ថានការបាន ប៉ុន្តែខេត្តជាច្រើនកំពុងបន្ធូរបន្ថយលើការរឹតត្បិតផ្នែកសុខភាព ដោយសូម្បីតែអ្នកជំនាញខ្លះព្រមានថានឹងមានជួបរលកទីបី ដែលបណ្តាលមកពីវ៉ារ្យ៉ង់ឆ្លងរាលដាលកាន់តែច្រើន ហើយប្រហែលជាកំពុងកើតឡើងបណ្តើរៗហើយ។
រដ្ឋាភិបាលកំពុងស្ថិតនៅក្នុងការបង្កើនការចាក់វ៉ាក់សាំងការពារកូវីត ១៩ ដែលមានការយឺតយ៉ាវជាងវ៉ាក់សាំងនៃបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀត។ ឥឡូវនេះប្រទេសនេះរំពឹងថាវ៉ាក់សាំងចំនួន ៣៦.៥ លានដូសដែលត្រូវបានអនុម័តហើយនឹងទទួលបាននៅចុងខែមិថុនា។
គួររំលឹកផងដែរថា ប្រទេសកាណាដាមានប្រជាជនជិត ៣៨ លាននាក់ហើយលោក Trudeau បាននិយាយថា អ្នកដែលចង់ចាក់ថ្នាំបង្ការរោគនឹងអាចទទួលបាននៅចុងខែកញ្ញា។