សេអ៊ូល ៖ សហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដែនអាកាសទ្វេភាគីរួមគ្នាជាមួយកូរ៉េខាងត្បូងនិងជប៉ុន ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប Hwasong-15 (ហៅកាត់ ICBM) នៅក្នុង "សមយុទ្ធបាញ់បង្ហោះភ្លាមៗ"។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធដែលយន្តហោះចម្បាំងប្រភេទ F-35A, F-15K និង F-16 របស់កូរ៉េខាងត្បូង បានអមដំណើរយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B របស់អាមេរិក ដោយបានបង្ហាញពីសមត្ថភាពការពារជាតិដ៏លើសលប់របស់សម្ព័ន្ធមិត្ត និងឥរិយាបថត្រៀមខ្លួនរបស់ពួកគេ។

ជាមួយគ្នានេះដែរ យោធាកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "(សមយុទ្ធនេះ) បានពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពារឧបទ្វីបកូរ៉េ និងការអនុវត្តការទប់ស្កាត់បន្ថែមទៀត" ។

ជាងនេះទៅទៀត ក្រសួងការពារជាតិជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសជប៉ុនបានហោះហើរយន្តហោះ F-15 លើសមុទ្រជប៉ុន ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក B-1 និង F-16 របស់កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក នៅក្នុងសមយុទ្ធយុទ្ធសាស្ត្រ ដោយហៅបរិយាកាសសន្តិសុខ "កាន់តែខ្លាំងឡើង" បន្ទាប់ពីមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង បានចុះចត នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។

ក្រសួងបាននិយាយបន្ថែមទៀត "សមយុទ្ធទ្វេភាគីនេះបញ្ជាក់ឡើងវិញនូវឆន្ទៈដ៏រឹងមាំរវាងជប៉ុន និងសហរដ្ឋអាមេរិកក្នុងការឆ្លើយតបទៅនឹងស្ថានភាពណាមួយ ការត្រៀមខ្លួនរបស់ (កងកម្លាំងស្វ័យការពាររបស់ជប៉ុន) និងកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក និងពង្រឹងបន្ថែមទៀតនូវសមត្ថភាពរារាំង និងការឆ្លើយតបរបស់សម្ព័ន្ធភាពជប៉ុន-អាមេរិក"។ 

យ៉ាងណាម៉ិញ សមយុទ្ធដែនអាកាសធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយចូលទៅក្នុងសមុទ្រនៃឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុន បន្ទាប់ពីការព្រមានអំពីការឆ្លើយតបដ៏ខ្លាំងក្លាចំពោះសមយុទ្ធយោធានាពេលខាងមុខដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

យោងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បាននិយាយថា ប្រទេសកូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់បង្ហោះភ្លាមៗមួយកាលពីថ្ងៃសៅរ៍នៅក្នុង "ភស្តុតាងជាក់ស្តែង" នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រែក្លាយ "សមត្ថភាពនៃការវាយលុកនុយក្លេអ៊ែរដ៏សាហាវទៅលើកងកម្លាំងអរិភាពទៅជាការមិនអាចទប់ទល់បាន" ។

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង បាននិយាយថា កាំជ្រួចរបស់ខ្លួនអាចហោះក្នុងរយៈពេល ១ ម៉ោង ៦ នាទី និង ៥៥ វិនាទី ដែលមានកម្ពស់ដល់ទៅ ៥.៧៦៨ គីឡូម៉ែត្រ (ប្រមាណ ៣.៥៨៤ ម៉ាយល៍) មុនពេលវាយប្រហារយ៉ាងត្រឹមត្រូវទៅលើតំបន់ដែលបានកំណត់ទុកមុន ៩៨៩ គីឡូម៉ែត្រ (ប្រមាញ ៦១៤ ម៉ាយល៍) ពីក្នុងទឹកបើកចំហ។ វាត្រូវបានបាញ់សាកល្បងជាលើកដំបូងនូវប្រភេទ Hwasong-15 នេះ នៅក្នុងឆ្នាំ ២០១៧ មកម៉្លេះ ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ