JAKARTA៖ ការស្លាប់របស់វេជ្ជបណ្ឌិតដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃខែកក្កដា នេះបើយោងតាមសមាគមន៍វេជ្ជបណ្ឌិតជំនាញ ខណៈដែលវីរុស Delta បានធ្វើឱ្យមានការកើនឡើងនៃការឆ្លងនៅទូទាំងប្រទេស។

វេជ្ជបណ្ឌិតសរុបចំនួន ១១៤ នាក់ បានស្លាប់ក្នុងកំឡុងពីថ្ងៃទី ១-១៧ ខែកក្កដា ដែលជាចំនួនខ្ពស់បំផុត សម្រាប់រយៈពេលប្រហាក់ប្រហែលគ្នា និងច្រើនជាង ២០% នៃចំនួនវេជ្ជបណ្ឌិតសរុបចំនួន ៥៤៥ នាក់ ដែលបានស្លាប់ដោយសារជម្ងឺកូវីដ១៩ ចាប់តាំងពីការឆ្លងរាលដាលនៃជំងឺរាតត្បាតជាសកលនេះ។ នេះបើយោងតាមសមាគមន៍វេជ្ជបណ្ឌិតជំនាញ (ហៅកាត់ IDI) បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានអនឡាញ។


លោក Mahesa Paranadipa មន្រ្តីជាន់ខ្ពស់នៃសមាគមន៍បាននិយាយថា សមាគមន៍មានការព្រួយបារម្ភថាប្រព័ន្ធវេជ្ជសាស្ត្រប្រហែលជាមិនអាចទប់ទល់បានទេ ហើយអាចនឹងមានការដួលរលំនៃប្រព័ន្ធសុខាភិបាលដែលមិនអាចទ្រាំទ្របានយូរ។

ការស្លាប់នៃគ្រូពេទ្យបានកើនឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនច្រើនជាងគេទី៤ នៅលើពិភពលោក ទោះបីជាមានអត្រាចាក់វ៉ាក់សាំង ៩៥% ក្នុងចំណោមបុគ្គលិកសុខាភិបាលក៏ដោយ។ ប្រការនេះបានជម្រុញឲ្យរដ្ឋាភិបាលប្រើវ៉ាក់សាំង Moderna ជាការចាក់ថ្នាំបង្ការរោគបន្ថែមទៅលើវ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់បុគ្គលិកសុខាភិបាល។


ទិន្នន័យពីមធ្យមភាគ ៧ ថ្ងៃចុងក្រោយបង្ហាញថា ដោយសារការរីករាលដាលនៃវ៉ារ្យ៉ង់វីរុស Delta ដែលកាចសាហាវនេះ ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា មានករណីឆ្លងមេរោគកូរូណាថ្មីច្រើនជាងប្រទេសនៅលើពិភពលោកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ 

គួររំលឹកថា អ្នកជំនាញផ្នែកសុខភាពកំពុងហៅប្រទេសនេះថាជាចំណុចកណ្តាលនៃជំងឺរាតត្បាតថ្មី។ ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថាមានករណីឆ្លងចំនួន ៤៤,៧២១ ករណី និង ១,០៩៣ នាក់បានស្លាប់ ដោយសារវីរុសនេះកាលពីថ្ងៃអាទិត្យ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ