សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា កងទ័ពជើងទឹកកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នឹងធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃចន្ទ ដើម្បីទប់ទល់ប្រឆាំងនឹងសមត្ថភាពនុយក្លេអ៊ែរនិងមីស៊ីល ដែលកំពុងវិវត្តន៍របស់កូរ៉េខាងជើង។

សមយុទ្ធនេះនឹងត្រូវធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិក្បែរកោះចេជូ ភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង ដែលចូលរួមដោយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក ដឹកនាំដោយ USS Nimitz ដែលបានមកដល់ទីក្រុងប៊ូសានភាគអាគ្នេយ៍កាលពីសប្តាហ៍មុន។

ជាក់ស្តែង សមយុទ្ធត្រីភាគីកើតឡើង នៅពេលដែលកូរ៉េខាងជើងបានបង្ហាញកាលពីសប្តាហ៍មុននូវក្បាលគ្រាប់នុយក្លេអ៊ែរដែលមានទំហំតូចជាងមុន ដោយប្តេជ្ញាផលិតសម្ភារនុយក្លេអ៊ែរបន្ថែមទៀត ដើម្បីពង្រីកឃ្លាំងអាវុធរបស់ខ្លួន និងអួតពីអ្វីដែលគេហៅថា យន្តហោះគ្មានមនុស្សបើកវាយប្រហារក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរទៀតផង។

ក្រសួងបាននិយាយថា សមយុទ្ធនៅសប្តាហ៍នេះ នឹងប្រើប្រាស់គោលដៅហ្វឹកហ្វឺនសង្គ្រាមប្រឆាំងនាវាមុជទឹកចល័ត ដើម្បីបង្កើនសមត្ថភាពដែលត្រូវការ ដើម្បីស្វែងរក តាមដាន និងបំផ្លាញការគំរាមកំហែងក្រោមទឹករបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា ប្រទេសទាំង ៣ នេះ បានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកត្រីភាគីចុងក្រោយរបស់ពួកគេ កាលពីខែកញ្ញា ដែលជាលើកទីមួយក្នុងរយៈពេល៥ឆ្នាំ ចំពេលមានភាពតានតឹងជុំវិញការសាកល្បងកាំជ្រួចមីស៊ីលជាច្រើនដែលមិនធ្លាប់មានពីមុនមករបស់ប្រទេសកូរ៉េខាងជើង។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ