បរទេស៖ យោធារបស់ប្រទេសមីយ៉ាន់ម៉ាមិនបានរារាំងបេសកជនពិសេសម្នាក់របស់អាស៊ីអាគ្នេយ៍ មិនឱ្យមកប្រទេសនេះទេ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យគាត់ជួបជាមួយអតីតមេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី ឡើយ ព្រោះលោកស្រីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម នេះបើយោងតាមអ្នកនាំពាក្យរបស់យោធាបាននិយាយ។
សុន្ទរកថារបស់អ្នកនាំពាក្យដែលចេញដោយយោធានៅក្នុងសេចក្តីសង្ខេបមួយចុះនៅថ្ងៃពុធនេះកើតឡើងនៅពេលដែលសម្ពាធអន្តរជាតិកាន់តែកើនឡើងមកលើរបបយោធាដើម្បីអនុវត្តផែនការសន្តិភាព ៥ ចំណុច ដែលឧត្តមសេនីយ៍កំពូលរបស់ខ្លួនគឺ លោក Min Aung Hlaing បានយល់ព្រម កាលពីខែមេសា ជាមួយសមាគមប្រជាជាតិអាស៊ាន ។
យ៉ាងណាម៉ិញ លោក Erywan Yusof បេសកជនពិសេសសម្រាប់ទស្សនកិច្ចនេះ បាននិយាយកាលពីសប្តាហ៍មុនថា ភាពអសកម្មរបស់របបយោធាលើផែនការអាស៊ានគឺដូចគ្នានឹងការដើរថយក្រោយ ហើយបណ្តាប្រទេសជាសមាជិកខ្លះកំពុងពិភាក្សាយ៉ាងស៊ីជម្រៅអំពីការមិនរាប់បញ្ចូល លោក Min Aung Hlaing ពីកិច្ចប្រជុំកំពូលមួយនៅខែនេះឡើយ។
លោក Erywan Yusof កាលពីដើមសប្តាហ៍នេះ បាននិយាយដែរថា គាត់កំពុងពិភាក្សាជាមួយភាគីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមិនប្រកាន់ជំហរ ឬតួនាទីនយោបាយឡើយ ហើយរង់ចាំមើលដំណើរទស្សនកិច្ចនេះ។
ដោយឡែក អ្នកនាំពាក្យរបបយោធារូបនេះក៏បានទទូចថា ប្រព័ន្ធតុលាការរបស់មីយ៉ាន់ម៉ាមានភាពយុត្តិធម៌ហើយឯករាជ្យ នឹងដោះស្រាយរឿងក្តីរបស់ លោកស្រី អ៊ុងសាន ស៊ូជី ដោយបន្ថែមថាប្រធានយុត្តិធម៌ត្រូវបានតែងតាំងដោយរដ្ឋាភិបាលមុន។
គួររំលឹកថា មីយ៉ាន់ម៉ាស្ថិតនៅក្នុងភាពខ្វិនផ្នែកនយោបាយនិងសេដ្ឋកិច្ចចាប់តាំងពីការធ្វើរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ របស់យោធា ដែលបង្កឱ្យមានការផ្ទុះកំហឹងនិងការតវ៉ាដែលមិនមានការថមថយឡើយដោយជនស៊ីវិលខ្លះបង្កើតកងជីវពលដើម្បីដណ្តើមកងទ័ពដ៏មានឥទ្ធិពលទៀតផង។ NR