អាមេរិក៖ មន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនផ្គត់ផ្គង់បំពង់បង្ហូរប្រេងដ៏ធំរបស់សហរដ្ឋអាមេរិក ឈ្មោះ Colonial Pipeline កាលពីថ្ងៃអាទិត្យ ដើម្បីជួយស្តារ ឡើងវិញ បន្ទាប់ពីការវាយលុកតាមប្រព័ន្ធអ៊ីនធឺណែត (cyberattack) បានបង្ខំឱ្យក្រុមហ៊ុននេះ បិទបណ្តាញឥន្ធនៈដ៏សំខាន់មួយ ។

ការវាយប្រហារនេះគឺ ជាផ្នែកមួយនៃប្រតិបត្តិការផ្តល់ប្រាក់រំលោះឌីជីថល ហើយបានជំរុញឱ្យមានការអំពាវនាវពីសមាជិកសភាអាមេរិក ឱ្យរឹតបន្តឹងការការពារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងពួកលុកលុយទាំងនេះ (Hacker) ។


រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Gina Raimondo បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការដើម្បីចៀសវាងការរំខានដល់ការផ្គត់ផ្គង់ប្រេងកាន់តែធ្ងន់ធ្ងរ និងដើម្បីជួយដល់ក្រុមហ៊ុន Colonial ក្នុងការស្តារឡើងវិញ នូវបណ្តាញបំពង់ដែលមានចម្ងាយជាង ៥.៥០០ ម៉ាយ (៨.៨៥០ គីឡូម៉ែត្រ) ពីរដ្ឋតិចសាស ទៅ ញូវជឺស៊ី។


លោក Raimondo បាននិយាយនៅក្នុងកម្មវិធី “Face the Nation” របស់ទូរទស្សន៍ CBS ថា “វាគឺជាការខិតខំប្រឹងប្រែងនាពេលឥឡូវនេះ” ។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ស្ថាប័នរដ្ឋ និងមន្ត្រីក្នុងតំបន់ ដើម្បីធានាថា ពួកគេនឹងទទួលបានប្រតិបត្តិការធម្មតាតាមដែលអាចធ្វើទៅបាន និងមិនមានការរំខានដល់ការផ្គត់ផ្គង់ឡើយ។


ក្រុមហ៊ុន Colonial បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងបន្តតាមដានផលប៉ះពាល់នៃការបញ្ឈប់សេវាកម្មបណ្តោះអាសន្ននេះ ហើយធ្វើការដើម្បីស្តារសេវាកម្មឡើងវិញ។ ទាំងក្រុមលោក Raimondo និងក្រុមហ៊ុន មិនបានផ្តល់ការប៉ាន់ស្មានសម្រាប់កាលបរិច្ឆេទចាប់ផ្តើមឡើងវិញទេ ហើយខាងក្រុមហ៊ុន Colonial ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមដែរ។


ក្រុមហ៊ុន Colonial ដឹកជញ្ជូនប្រេងសាំងប្រហែលជា ២.៥ លានបារ៉ែល ក្នុងមួយថ្ងៃ និងប្រេងផ្សេងទៀត ពីរោងចក្រចម្រាញ់ប្រេងនៅឈូងសមុទ្រ Gulf Coast ទៅកាន់អ្នកប្រើប្រាស់ នៅពាក់កណ្តាលអាត្លង់ទិក និងភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។

បណ្តាញបំពង់បង្ហូរប្រេងដ៏ទូលំទូលាយរបស់គេ សម្រាប់បម្រើដល់ព្រលានយន្តហោះធំៗរបស់សហរដ្ឋអាមេរិក រួមទាំងអាកាសយានដ្ឋាន Hartsfield Jackson របស់អាត្លង់តា ដែលមានចរាចរណ៍មមាញឹកបំផុតនៅលើពិភពលោក។


អ្នកជំនាប្រេង រួមទាំងសមាគមន៍រថយន្តអាមេរិកបាននិយាយថា ការដាច់ភ្លើងរយៈពេលច្រើនថ្ងៃអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ប្រេងក្នុងតំបន់ ជាពិសេស នៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។

ខណៈដែលការស៊ើបអង្កេតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺស្ថិតនៅក្នុងដំណាក់កាលដំបូង អតីតមន្រ្តីសហរដ្ឋអាមេរិក និងប្រភពឧស្សាហកម្មពីរ បាននិយាយថា ពួកលុកលុយទំនងជាក្រុមចោរកម្មតាមអ៊ីនធឺណែតជំនាញ ហើយក្រុមមួយដែលមានឈ្មោះថា DarkSide ស្ថិតក្នុងចំណោមជនសង្ស័យដែលមានសក្តានុពលបំផុត។

គួររលឹកថា ក្រុមហ៊ុន Colonial បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណែត៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ