មនុស្សរាប់ពាន់នាក់បានចូលរួមក្នុង ព្រឹត្តិការណ៍មហោស្រពតន្រ្តីស្ត្រប៊ឺរី វូហាន (Wuhan Strawberry Music Festival) កាលពីថ្ងៃសៅរ៍។ នៅថ្ងៃទីមួយនៃថ្ងៃឈប់សម្រាក បុណ្យជាតិ ៥ ថ្ងៃ នៅទីក្រុងកណ្តាលនៃប្រទេសចិន មនុស្សបានរាំញាក់ លោត និងស្រែកយ៉ាងរីករាយ ។
ព្រឹត្តិការណ៍នេះកំពុងវិលត្រឡប់មកប្រព្រឹត្តនៅវូហានវិញ បន្ទាប់ពីវាត្រូវបានបង្ខំឱ្យមានតែនៅលើប្រព័ន្ធអ៊ិនធឺណែតតែប៉ុណ្ណោះកាលពីឆ្នាំមុន ដោយសារតែការរឹតត្បិតលើជំងឺកូវីដ១៩ ។
អ្នកតំណាងអោយអ្នករៀបចំកម្មវិធីបានប្រាប់ថា ចំនួនអ្នកចូលរួមត្រូវបានរឹតត្បិតនៅឆ្នាំនេះ ដោយបន្ថែមថា មានមនុស្សប្រហែល ១១.០០០ នាក់នៅទីនោះកាលពីថ្ងៃសៅរ៍។ របាំងខ័ណ្ឌត្រូវបានបង្កើតឡើងនៅពីមុខឆាកនីមួយៗ ហើយកម្លាំងបុគ្គលិកសន្តិសុខត្រូវបានដាក់កម្រិតចំនួននៅតាមកន្លែងទាំងនោះ។ ដោយឡែក អ្នកខ្លះពាក់ម៉ាស ប៉ុន្តែមនុស្សជាច្រើននាក់ផ្សេងទៀតមិនបានពាក់នោះទេ។
ប្រជាជននៅវូហាន ដែលជាកន្លែងផ្ទុះឡើងដំបូងគេនៃជំងឺកូវីដ១៩ បានរស់នៅដោយមានការរឹតបន្តឹងជាងពីរខែ ក្នុងអំឡុងពេលនៃការបិទខ្ទប់ដែលបង្កឡើងដោយកូរូណាវីរុស ដំបូងគេនៅលើពិភពលោក។ គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីកូវីដ១៩ថ្មីទាំងអស់សុទ្ធតែជាករណីនាំចូលពីបរទេស។
ចំនួនសរុបនៃករណីត្រូវបានបញ្ជាក់អោយដឹងនៅក្នុងប្រទេសចិនដីគោកមានចំនួន ៩០.៦៧១ ករណី ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរដោយរក្សានៅចំនួន ៤.៦៣៦ នាក់ ដែលភាគច្រើននៃពួកគេគឺជាអ្នករស់នៅទីក្រុងវូហាន។
គួររលឹកថា យោងតាមទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការសុខភាពជាតិកាលពីថ្ងៃសៅរ៍ ប្រទេសចិនបានអនុវត្តការចាក់វ៉ាក់សាំងប្រហែល ១១.៦ លានដូស ប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីថ្ងៃសុក្រ ដែលនាំអោយចំនួនសរុបអ្នកដែលបានទទួលវ៉ាក់សាំងជាផ្លូវការសរុបកើនដល់ជាង ២៦៥ លាន នាក់៕NR