ស៊ីដនី៖ រដ្ឋដែលមានប្រជាជនច្រើនបំផុត នៅអូស្រ្តាលី គឺ រដ្ឋញូវសៅវែល (ហៅកាត់ NSW) បានរាយការណ៍ពីការកើនឡើងទ្វេដងនៃករណីថ្មី ក្នុងស្រុកនៃជំងឺកូវីដ១៩ សម្រាប់ថ្ងៃទីបីជាប់គ្នា ខណៈដែលក្រុមមន្ត្រីប្រយុទ្ធប្រឆាំងដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវ៉ារ្យ៉ង់វីរុស Delta មានការសាយភាយឆ្លងយ៉ាងខ្លាំង។
រដ្ឋញូវសៅវែល បានដាក់កម្រិតយ៉ាងតឹងរឹងនៅទីក្រុងស៊ីដនី ដោយមន្ត្រីសុខាភិបាលបាននិយាយថា ការឆ្លងអាចកើតមានសូម្បីតែតាមរយៈការទាក់ទងតិចតួចជាមួយអ្នកឆ្លងក៏ដោយ។
រហូតមកដល់ពេលនេះ មន្រ្តី NSW បានប្រឆាំងនឹងការអំពាវនាវឱ្យមានការបិទទ្វារតឹងរ៉ឹង បើទោះបីជាប្រទេសអូស្ត្រាលីមានកំណត់ត្រាល្អក្នុងការបង្ក្រាបលើការផ្ទុះឡើងកន្លងមកក៏ដោយ ដោយសារតែជោគជ័យនោះគឺ តាមរយៈការបិទខ្ទប់ ច្បាប់លើគម្លៀតចម្ងាយសង្គម និងការតាមដានយ៉ាងរហ័សក៏ដោយ។
លោកស្រី Berejiklian បាននិយាយថា ទោះបីវីរុសមានការរីករាលដាលខ្លាំងក៏ដោយ ក៏រដ្ឋាភិបាលរបស់លោកស្រី ស្ថិតក្នុងដំណាក់កាលប្រកបដោយផាសុខភាព ជាមួយនឹងកម្រិតនៃការរឹតបន្តឹងនាពេលបច្ចុប្បន្ននេះ។
ដោយឡែក រដ្ឋមន្រ្តីនៃរដ្ឋអូស្រ្តាលីខាងលិច លោក Mark McGowan បានជំរុញឱ្យអាជ្ញាធរ NSW ដាក់រដ្ឋនេះនៅក្នុងការបិទខ្ទប់ដើម្បី "បង្ក្រាបនិងសម្លាប់" វីរុស ដោយការព្រមានថា "ការប៉ះពាលតែបន្តិច" ដែលមិនព្រមទប់ស្កាត់ អាចបណ្តាលឱ្យមានការកើនឡើងនៃការឆ្លង។ ជាងនេះទៀតសោដ អូស្រ្តាលីខាងលិចបានបិទព្រំដែនជាមួយ NSW ហើយ។
ករណីក្នុងស្រុកថ្មីចំនួន ១១ ករណី ត្រូវបានគេរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្ហាញថា មានការឆ្លងសរុបនៅក្នុងការផ្ទុះចុងក្រោយដល់ទៅជាង ៤០ ករណី។ ទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍រួមមានករណីចំនួន ៦ ដែលត្រូវបានរកឃើញបន្ទាប់ពីម៉ោង ៨ ល្ងាច នឹងត្រូវរាប់បញ្ចូលក្នុងទិន្នន័យសរុបនៅថ្ងៃសុក្រ។
គួររំលឹកថា ប្រទេសអូស្រ្តាលីបានរាយការណ៍ពីចំនួនករណីកូវីដ១៩ តិចជាង ៣០,៤០០ ករណី និងមានអ្នកស្លាប់ចំនួន ៩១០ នាក់ ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើមឡើង។ NR