BEIJING៖ មន្ត្រីសុខាភិបាលកំពូលបាននិយាយថា ប្រទេសចិនបានច្រានចោលកាលពីថ្ងៃព្រហស្បតិ៍ នូវផែនការរបស់អង្គការសុខភាពពិភពលោក (ហៅកាត់ WHO) សម្រាប់ដំណាក់កាលទី ២ នៃការស៊ើបអង្កេតទៅលើប្រភពដើមនៃវីរុសកូរូណា ដែលរួមមានសម្មតិកម្មដែលថា វាអាចត្រូវបានធ្លាយចេញពីមន្ទីរពិសោធន៍ចិន។

អង្គការសុខភាពពិភពលោកនៅខែនេះ បានស្នើឱ្យមានការសិក្សាដំណាក់កាលទី ២ ទាក់ទងនឹងប្រភពដើមនៃវីរុសកូរូណាក្នុងប្រទេសចិន រួមទាំងសវនកម្មមន្ទីរពិសោធន៍ និងទីផ្សារនៅទីក្រុងវូហាន ដោយអំពាវនាវឱ្យមានតម្លាភាពពីអាជ្ញាធរ។

អនុរដ្ឋមន្រ្តីគណៈកម្មាធិការសុខភាពជាតិ (ហៅកាត់ NHC) លោក  Zeng Yixin បានឆ្លើយតបវិញថា “យើងនឹងមិនទទួលយកផែនការប្រភពដើមកំណើតបែបនេះ ក្នុងទិដ្ឋភាពមួយចំនួន ដែលវាហាក់ដូចជាមិនយកចិត្តទុកដាក់ចំពោះស្មារតីរួម និងមិនគោរពផ្នែកវិទ្យាសាស្ត្រ” ។


លោក  Zeng Yixin បានបញ្ជាក់ថា លោកមានការស្រឡាំងកាំងនៅពេលដែលលោកបានអានផែនការរបស់អង្គការសុខភាពពិភពលោកជាលើកដំបូង ព្រោះវាមានសម្មតិកម្មដែលថាការរំលោភទៅលើពិធីសារសារមន្ទីរពិសោធន៍របស់ចិន ដែលជាមូលហេតុបណ្តាលឱ្យវីរុសលេចធ្លាយក្នុងអំឡុងពេលស្រាវជ្រាវ។

យ៉ាងណាម៉ិញ ប្រធានអង្គការសុខភាពពិភពលោកបានអោយដឹងកាលពីដើមខែកក្កដាថា ការស៊ើបអង្កេតលើប្រភពដើមនៃជំងឺរាតត្បាតឆ្លងរាលដាលកូវីដ១៩ នៅក្នុងប្រទេសចិន កំពុងត្រូវបានរារាំងដោយកង្វះទិន្នន័យដើមនៅថ្ងៃដំបូងនៃការរាលដាលនៅទីនោះ។

លោក  Zeng Yixin បានបញ្ជាក់ជាថ្មីពីជំហររបស់ប្រទេសចិនថា ទិន្នន័យមួយចំនួនមិនអាចត្រូវបានចែកចាយទាំងស្រុងដោយសារតែការព្រួយបារម្ភអំពីឯកជនភាព។


លោកបន្ថែមថា "យើងសង្ឃឹមថាអង្គការសុខភាពពិភពលោកនឹងពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវការពិចារណានិងសំណូមពររបស់អ្នកជំនាញចិន និងចាត់ទុកការតាមដានប្រភពដើមនៃវីរុសកូវីដ១៩ ជាបញ្ហាវិទ្យាសាស្ត្រ និងគ្មានការជ្រៀតជ្រែកពីផ្នែកនយោបាយ" ។

គួររំលឹកថា ដើមកំណើតនៃវីរុសកូរូណានៅតែមានភាពមិនច្បាស់លាស់ ចាប់តាំងពីមានការរាតត្បាតជាសលកដំបូងរហូតមកដល់ពេលនេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ