បេសកជនថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកូរ៉េខាងជើងថា ខ្លួនកំពុងទន្ទឹងរង់ចាំការឆ្លើយតបវិជ្ជមាន ទៅលើកិច្ចពិភាក្សា
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) របស់កូរ៉េខាងត្បូង បានរាយការណ៍ថា បេសកជនកំពូលរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃច័ន្ទថា លោកទន្ទឹងរង់ចាំការឆ្លើយតបជាវិជ្ជមាននាពេលឆាប់ៗនេះ ស្តីពីកិច្ចពិភាក្សាពីកូរ៉េខាងជើងក្នុងដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូលរបស់លោក ដើម្បីជួបជាមួយសមភាគី មកពីកូរ៉េខាងត្បូង និងជប៉ុន។
តំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង គឺ លោក ស៊ុង គីម (Sung Kim) កំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃ ចំពេលមានការជាប់គាំងក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងព្យុងយ៉ាង ដោយពុំមាននិយាយអំពីកិច្ចប្រឹងប្រែងណាមួយដែលបានគ្រោងទុកដើម្បីទាក់ទងកូរ៉េខាងជើងឡើយ។
លោកបាននិយាយថា "យើងបានរៀបចំរួចជាស្រេចសម្រាប់លទ្ធផលមួយណាក៏ដោយ យើងនៅតែរង់ចាំស្តាប់ពីទីក្រុងព្យុងយ៉ាងសម្រាប់ការប្រជុំ។ សង្ឃឹមថាកិច្ចសន្ទនាបង្ហាញថា យើងនឹងទទួលបានការឆ្លើយតបវិជ្ជមានក្នុងពេលឆាប់ៗនេះ"។
លោក ស៊ុង គីម ក៏ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសឥណ្ឌូនេស៊ីផងដែរ មានការប្រជុំគ្នាទៅវិញទៅមកដែលគ្រោងនឹងជួបជាមួយបេសកជននុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូងគឺ លោក Noh Kyu-duk ក៏ដូចជាសម័យប្រជុំត្រីភាគីពាក់ព័ន្ធនឹងសមភាគីជប៉ុនរបស់លោកគឺ លោក Takehiro Funakoshi ។ ជាមួយគ្នានេះដែរ លោក Noh Kyu-duk និង លោក Takehiro Funakoshi ក៏ត្រូវបានគេគ្រោងនឹងមានការប្រជុំទ្វេភាគីដើម្បីពិភាក្សាពីកូរ៉េខាងជើងផងដែរ។
យ៉ាងណាម៉ិញ ការតែងតាំង លោក ស៊ុល គីម បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើការពិនិត្យឡើងវិញនូវគោលនយោបាយរបស់កូរ៉េខាងជើងដែលបានសន្និដ្ឋានថា សហរដ្ឋអាមេរិកនឹងស្វែងរកមធ្យោបាយជាក់ស្តែងក្នុងការជំរុញឱ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។
គួររំលឹកថា សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានឃើញការអត្ថាធិប្បាយរបស់លោក ស៊ុល គីម ថា ជាសញ្ញាគួរឱ្យចាប់អារម្មណ៍មួយ ប៉ុន្តែបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននៅតែរង់ចាំការប្រាស្រ័យទាក់ទងដោយផ្ទាល់ពីក្រុងព្យុងយ៉ាងដើម្បីចាប់ផ្តើមកិច្ចពិភាក្សាណាមួយទាក់ទងនឹងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ NR