ជំងឺកូវីដ១៩ ជះឥទ្ធិពលចំពោះក្តីសង្ឃឹមរបស់ក្រុមហ៊ុនផលិតរថយន្តបរទេសនៅឥណ្ឌា
ញូដេលី៖ ក្តីសង្ឃឹមរបស់អ្នកផលិតរថយន្តបរទេសចំពោះទីផ្សាររថយន្តដែលកំពុងរីកចម្រើនរបស់ឥណ្ឌាកំពុងតែរសាត់ទៅយ៉ាងលឿនដូចរលកនៃការឆ្លងជំងឺកូវីដ១៩ និងជំនួយរបស់រដ្ឋាភិបាលមានកំណត់សម្រាប់ការចំណាយជំរុញបន្ថែមទៀត បង្ហាញថា ការស្ទុះងើបឡើងវិញ អាចស្ថិតនៅឆ្ងាយពីប្រទេសចិន និងសហរដ្ឋអាមេរិក។
អ្នកផលិតរថយន្តដែលបានឃើញជិតមួយទសវត្សនៃកំណើននៃការលក់របស់ឥណ្ឌាដែលត្រូវបានបំផ្លាញនៅឆ្នាំ ២០២០ កំពុងរំពឹងថា នឹងមានតម្រូវការកើនឡើងវិញនៅឆ្នាំនេះ។ ប៉ុន្តែវាទំនងជាត្រូវបាននាំមុខដោយក្រុមហ៊ុនរថយន្តធុនតូច និងមានតំលៃសមរម្យ គ្របដណ្តប់ដោយមេដឹកនាំក្នុងស្រុកដូចជា ក្រុមហ៊ុន Maruti Suzuki និងក្រុមហ៊ុន Hyundai ដែលជាគូប្រជែង ជាជាងម៉ូដែលលំដាប់ស៊េរីទំនើបៗ ដែលផលិតដោយក្រុមហ៊ុនបរទេសភាគច្រើន នៅក្នុងវិស័យមួយនេះ។ នេះបើយោងតាម នាយកប្រតិបត្តិនិងអ្នកវិភាគឧស្សាហកម្មបាននិយាយ។
ដោយរោងចក្រឥណ្ឌារបស់ពួកគេដំណើរការទាបជាងសមត្ថភាព និងការលក់ឆ្ងាយជាងក្តីសង្ឃឹមដែលមានតាំងពីដើម ក្រុមហ៊ុនដូចជា Ford (F.N), Honda (7267.T), Nissan (7201.T), Skoda និង Volkswagen (VOWG_p.DE) ប្រឈមនឹងការសម្រេចចិត្តលំបាកអំពីការវិនិយោគនាពេលអនាគត។
បញ្ហាប្រឈមជាច្រើនកើតមានដូចជា “វាជាបញ្ហារស់រានមានជីវិត”,... “ការជ្រើសរើសនៅឥណ្ឌាអាស្រ័យលើការវិភាគអត្ថប្រយោជន៍ថ្លៃដើមនៃទីផ្សារអន្តរជាតិផ្សេងទៀត",... “ការព្យាករណ៍ថាប្រសិនបើទស្សនវិស័យនៅតែមានតិចតួច នោះចំនួនក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសអាចនឹងធ្លាក់ចុះ”... ទាំងនេះជាសម្តីរបស់ក្រុមហ៊ុនផលិតរថយន្តលោកខាងលិចបានអោយដឹង។
យ៉ាងណាម៉ិញ ក្រុមហ៊ុន General Motors (GM.N) និងក្រុមហ៊ុន Harley-Davidson (HOG.N) បានបិទទ្វារកាលពីឆ្នាំមុន នៅប្រទេសឥណ្ឌា។
នាយកគ្រប់គ្រងក្រុមហ៊ុន Ford នៅឥណ្ឌា លោក Anurag Mehrotra បានប្រាប់ថា ទីផ្សាររថយន្តមិនបានរីកចម្រើនដូចការគ្រោងទុកទេ ហើយជំងឺកូវីដ១៩ បានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់ការលក់ក្នុងស្រុក និងការនាំចេញ។ ភាពមិនប្រាកដប្រជានៃចក្ខុវិស័យកំណើនរយៈពេលវែងនៃឧស្សាហកម្មរថយន្ត និងសេដ្ឋកិច្ចបានបណ្តាលឱ្យមានបញ្ហាប្រឈមធ្ងន់ធ្ងរ រួមទាំងការប្រើប្រាស់សមត្ថភាពផងដែរ។ លោកបាននិយាយទៀតថា ជំងឺរាតត្បាតបានទាមទារឱ្យមាន “ដំណោះស្រាយប្រកបដោយភាពវាងវៃ និងការសម្រេចចិត្តដ៏លំបាក” ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការរបស់ក្រុមហ៊ុន Ford នោះទេ។
ចំណែកឯ ក្រុមហ៊ុន Volkswagen ដែលបានកែប្រែយុទ្ធសាស្រ្តឥណ្ឌានៅឆ្នាំ ២០១៨ ដោយ ដាក់ឲ្យក្រុមហ៊ុនរៀមច្បងរបស់ខ្លួន ឈ្មោះ Skoda ទទួលខុលត្រូវនៅទីនោះ ដោយបានបញ្ជាក់ជាថ្មីពីផែនការរបស់ខ្លួនក្នុងការវិនិយោគ ១,២ ពាន់លានដុល្លារ សំរាប់ទៅដល់ជ្រុងនៃទីផ្សារនៅឆ្នាំ ២០២៥ ជាមួយនឹងការបើកដំណើរការថ្មីដោយចាប់ផ្តើមពីរថយន្តប្រភេទ SUV ចំនួន ២ នៅឆ្នាំនេះ។ ជាងនេះទៀតសោដ អ្នកនាំពាក្យអង្គភាពក្នុងស្រុក Skoda Auto Volkswagen ប្រទេសឥណ្ឌាបានបន្ថែមថា មហិច្ឆតាគឺដើម្បីបន្តកសាងនិងពង្រឹងជំហររបស់ក្រុមហ៊ុននៅក្នុងទីផ្សារឥណ្ឌា។
ដោយឡែក ក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan មិនបានឆ្លើយតបទៅនឹងអ៊ីមែលដែលសុំការអត្ថាធិប្បាយទេ។
គួររំលឹកថា កាលពីមួយទសវត្សរ៍មុន ប្រទេសឥណ្ឌាត្រូវបានគេចាត់ទុកជាទីផ្សាររថយន្តធំលំដាប់ទី ៣ នៅលើពិភពលោកនៅត្រឹមឆ្នាំ ២០២០ ដែលពីមុនមានតែប្រទេសអាមេរិក និងមេដឹកនាំឧស្សាហកម្មចិនប៉ុណ្ណោះ។ NR