កាណាដា៖ មន្រ្តីសុខាភិបាលកំពូលរបស់ប្រទេស បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកាណាដា ត្រូវតែចាក់វ៉ាក់សាំងដល់មនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងបន្ធូរបន្ថយវិធានការសុខភាពសាធារណៈដោយប្រយ័ត្នប្រយែង ព្រោះចំនួនករណីជំងឺកូវីដ ១៩ កើនឡើងជាងមុន នៅពេលចាប់ផ្តើមនៃសញ្ញាដែលអាចថា ជារលកទី ៤ ។

លោកស្រី Theresa Tam ប្រធានផ្នែកសុខភាពសាធារណៈបានប្រាប់អ្នកយកព័ត៌មានថា ការកើនឡើងនៃចំនួនករណីបានបង្ហាញថា “យើងកំពុងចាប់ផ្តើមរលកទី ៤ ដែលបណ្តាលមកពីវ៉ារ្យ៉ង់វីរុស Delta ប៉ុន្តែគន្លងនេះនឹងអាស្រ័យលើការកើនឡើងនៃការគ្របដណ្តប់ដោយវ៉ាក់សាំងពេញលេញ ពេលវេលា និងវិសាលភាពនៃការបើកឡើងវិញ។

លោកស្រីបានបន្ថែមថា “វ៉ារ្យ៉ង់វីរុស Delta គឺជាសត្រូវដ៏គួរឱ្យខ្លាច” ។ មុននេះ របាយការណ៍មួយរបស់សារព័ត៌មាន Washington Post បានផ្សាយថា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក បានពិពណ៌នាអំពីការប្រែប្រួលនេះថា អាចឆ្លងដូចជំងឺអុតស្វាយ។

លោកស្រី Theresa Tam បាននិយាយទៀតថា ក្នុងចំណោមវ៉ារ្យ៉ង់ដែលរកឃើញនៅកាណាដាវ៉ារ្យ៉ង់វីរុស Delta បានកើនឡើងច្រើនជាងប្រាំដង នៅក្នុងខែមិថុនា។

យោងតាមទិន្នន័យផ្លូវការបង្ហាញថា នៅទូទាំងប្រទេសជាមធ្យមករណីវិលជុំរយៈពេល ៧ ថ្ងៃគឺទាបជាង ៩៣% បើប្រៀបធៀបទៅនឹងចំណុចកំពូលនៃរលកទី ៣ ប៉ុន្តែជាមធ្យមគឺកើនឡើងម្តងទៀត។

ជាមួយគ្នានេះដែរ កាលពីព្រឹកថ្ងៃសុក្រ ស្ថិតិកាណាដាក៏បានបង្ហាញថា កំណើនសេដ្ឋកិច្ចបានកើនឡើង ០.៧% នៅក្នុងខែមិថុនា ដោយសារការរឹតបន្តឹងសុខភាពត្រូវបានដកចេញបន្ទាប់ពីរលកទី៣។

គួររំលឹកថា ជនជាតិកាណាដា ជាង ៨១% ដែលមានសិទ្ធិទទួលថ្នាំបង្ការ បានចាក់វ៉ាក់សាំងចំនួនមួយដូស ហើយជាង ៦៦% ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ប៉ុន្តែមនុស្សប្រហែល ៦ លាននាក់ ទៀត នៅតែត្រូវចាក់វ៉ាក់សាំង។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ