តៃប៉ិ៖ កោះតៃវ៉ាន់បានរាយការណ៍ពីករណីឆ្លងដំបូងរបស់ខ្លួននៃវ៉ារ៉្យង់វីរុស Delta ដែលមានការចម្លងរោគខ្លាំងនៃវីរុសនេះ កាលពីថ្ងៃសៅរ៍ ដោយបានរឹតបន្តឹងការគ្រប់គ្រងនៅភាគខាងត្បូងនៃកោះដែលករណីនេះបានកើតឡើង។
កោះតៃវ៉ាន់កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺឆ្លងក្នុងស្រុក ដែលស្ទើរតែទាំងអស់នៃករណីឆ្លងដោយសារវ៉ារ៉្យង់អាល់ហ្វា (Alpha) ដែលរាលដាលនៅទូទាំងពិភពលោក ទោះបីជាចំនួននេះកំពុងមានស្ថេរភាព ហើយការផ្ទុះឡើងមានតិចតួចក៏ដោយ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Chen Shih-chung បាននិយាយថា មនុស្ស ៦ នាក់នៅក្នុងតំបន់ Pingtung ត្រូវបានគេអះអាងថាមានវ៉ារ្យ៉ង់វីរុស Delta រួមទាំងមនុស្ស ២ នាក់ ដែលបានវិលត្រឡប់មកពីប្រទេសប៉េរូ នៅខែនេះ ដែលពួកគេត្រូវបានគេសង្ស័យថាបានឆ្លងមេរោគនេះ។ មួយក្នុងចំនោមពួកគេត្រូវបានចាត់ថ្នាក់ថា ជាការឆ្លងមេរោគក្នុងស្រុក ជាជាងឆ្លងនៅក្នុងគ្រួសារដែលបានមកពីប្រទេសប៉េរូ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលកំពុងធ្វើតេស្ត៍ទ្រង់ទ្រាយធំនៅក្នុងតំបន់ដែលករណីទាំងនោះ ត្រូវបានគេរាយការណ៍ ដោយតម្រូវអោយធ្វើចត្តាឡីស័កដល់ជនសង្ស័យដែលបានពាក់ព័ន្ធទាំងអស់។ បទបញ្ជាទាំងនោះរួមមាន ផ្សារទំនើប ភោជនីយដ្ឋាន និងផ្សារសើម (wet markets) ដែលនឹងត្រូវបិទរយៈពេល ៣ ថ្ងៃ។
កន្លងមក កោះតៃវ៉ាន់បានរាយការណ៍ថា មានករណីចំនួន ៥ ដែលបាននាំចូលនៃវ៉ារ្យ៉ង់វីរុស Delta ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា។
ចាប់ពីថ្ងៃអាទិត្យនេះ រដ្ឋាភិបាលនឹងរឹតបន្តឹងការត្រួតពិនិត្យលើព្រំដែនដើម្បីចៀសវាងការចម្លងវ៉ារ្យ៉ង់វីរុស Delta ដែលតម្រូវឱ្យអ្នកដំណើរដែលមកដល់ ពីបណ្តាប្រទេសចំនួន ៥ ក្នុងនោះមានចក្រភពអង់គ្លេសផងដែរ នឹងត្រូវដាក់នៅក្នុងមណ្ឌលកណ្តាលចត្តាឡីស័ក។
គួររំលឹកថា វ៉ារ្យ៉ង់វីរុស Delta ឥឡូវនេះមាន ៩៦% នៃករណីជាបន្តបន្ទាប់នៅក្នុងប្រទេសអង់គ្លេស។ NR