មីយ៉ាន់ម៉ា ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា រដ្ឋាភិបាលរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ បានធ្វើការលើកលែងទោសដល់អ្នកទោសជាង ២.០០០ នាក់ ដែលក្នុងនោះមាន អ្នកកាសែតម្នាក់ ក្រុមសកម្មជន និងអ្នកជាប់ឃុំនយោបាយជាច្រើននាក់។
ទូរទស្សន៍រដ្ឋ MRTV បានផ្សាយថា អ្នកទោសចំនួន ២.១៥៣ នាក់ ដែលត្រូវបានកាត់ទោសពីបទញុះញង់ត្រូវបានលើកលែងទោសដើម្បីប្រារព្ធពិធីបុណ្យព្រះពុទ្ធសាសនា ហើយបានព្រមានថា ពួកគេអាចនឹងត្រូវចាប់ខ្លួន និងបន្ថែមទោស ប្រសិនបើពួកគេធ្វើបែបនេះម្តងទៀត។
ចាប់តាំងពីការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតក្នុងឆ្នាំ ២០២១ យោធាមីយ៉ាន់ម៉ាបានឃុំខ្លួនគូប្រជែងរាប់ពាន់នាក់ នេះបើយោងតាមក្រុមសិទ្ធិមនុស្ស ដោយទទួលការថ្កោលទោសជាសកល និងទណ្ឌកម្មរបស់លោកខាងលិច។
យ៉ាងណាម៉ិញ យ៉ាងហោចណាស់មនុស្ស ១៧.៨៩៧ នាក់ ត្រូវបានឃុំខ្លួន និង ៣.៤៥២ នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ដែលជាក្រុមសកម្មជន។
ដោយឡែក យោធានិយាយថា ខ្លួនកំពុងប្រយុទ្ធជាមួយ "ភេរវករ" ដែលមានបំណងបំផ្លាញប្រទេស។ ប៉ុន្តែអ្នកប្រឆាំងជាច្រើនរបស់របបយោធាត្រូវបានចោទប្រកាន់ក្រោមច្បាប់ហាមឃាត់ការញុះញង់ ដែលនិយមន័យនៃពាក្យនេះត្រូវបានពង្រីក និងប្រើប្រាស់ប្រឆាំងនឹងមនុស្សជំរុញឱ្យមន្ត្រីរាជការធ្វើកូដកម្ម។
ទទឹមនឹងនេះ អ្នកនាំពាក្យ AAPP លោក Bo Kyi បាននិយាយថា ក្រុមនេះកំពុងផ្ទៀងផ្ទាត់បញ្ជីអ្នកដែលត្រូវបានលើកលែងទោស ហើយចាត់ទុកអ្នកជាប់ពន្ធនាគារពីបទញុះញង់ថា ជាអ្នកទោសនយោបាយ។ លោកក៏បាននិយាយផងដែរថា របបយោធាមានភាពមិនស្មោះត្រង់ និងរួមបញ្ចូលមនុស្សជាច្រើនដែលជិតនឹងបញ្ចប់ការកាត់ទោសរបស់ពួកគេរួចហើយ ឬទំនងជាមិនត្រូវបានដោះលែងទាល់តែសោះ។
យោធាបានដោះលែងអ្នកទោសជាទៀងទាត់ពីពន្ធនាគារដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ហើយកាលពីខែមុនបាននិយាយថា ខ្លួនបានដោះលែងអ្នកជាប់ឃុំជាង ៣.០០០ នាក់ ដែលក្នុងនោះរួមមានជនបរទេស ៩៨ នាក់ ផងដែរ។
គួររំលឹកថា ក្នុងចំណោមអ្នកទោសនយោបាយដែលលេចធ្លោជាងគេ គឺមេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំ ពីបទប្រព្រឹត្តិខុសជាច្រើនដែលបានបង្កឡើង។ យ៉ាងណាម៉ិញ យោធាបាននិយាយថា អ្នកជាប់ឃុំទាំងអស់ទទួលបានដំណើរការកាត់ទោសយ៉ាងត្រឹមត្រូវ។ NR