មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសនយោបាយរាប់រយនាក់ ពីពន្ធនាគារអ៊ីនស៊ីន (Insein) រួមទាំងអ្នកនាំពាក្យគណបក្ស លោកស្រី អ៊ុងសាន ស៊ូជី និងតារាកំប្លែងដ៏ល្បីម្នាក់ឈ្មោះ Zarganar ផងដែរ។

ប៉ុន្មាននាទីបន្ទាប់ពីសុន្ទរកថារបស់មេដឹកនាំយោធា លោក Min Aung Hlaing កាលពីថ្ងៃច័ន្ទ ទូរទស្សន៍រដ្ឋបានប្រកាសថា មនុស្សជាង ៥.៦០០ នាក់ ដែលត្រូវបានចាប់ខ្លួនឬចង់បានចាប់ខ្លួនដោយសារតួនាទីរបស់ពួកគេ នៅក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារ នឹងត្រូវបានដោះលែងដោយផ្អែកលើហេតុផលមនុស្សធម៌។

ការដោះលែងនេះត្រូវបានសកម្មជនខ្លះពណ៌នាថា ជាល្បិចកលរបស់យោធា ដែលកំពុងព្យាយាមកសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិរបស់ខ្លួនឡើងវិញ បន្ទាប់ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាត់វិធានការដ៏កម្រក្នុងការមិនរាប់បញ្ចូលមេដឹកនាំរបបយោធាពីកិច្ចប្រជុំកំពូលរបស់ខ្លួន។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក Tom Andrews បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដោយបានស្វាគមន៍ចំពោះការដោះលែងនេះ ប៉ុន្តែបាននិយាយថា វាជារឿងហួសចិត្តដែលពួកគេត្រូវបានឃុំខ្លួននៅកន្លែងតាំងពីដំបូង។ លោកបានបន្តទៀតថា “របបយោធាកំពុងដោះលែងអ្នកទោសនយោបាយនៅមីយ៉ាន់ម៉ា មិនមែនដោយសារតែការផ្លាស់ប្តូរចិត្តទេ ប៉ុន្តែដោយសារតែសម្ពាធ” ។

អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (ហៅកាត់ NLD) របស់ លោកស្រី អ៊ុងសាន ស៊ូជី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកសំឡេងប្រជាធិបតេយ្យភូមា កាលពីល្ងាចថ្ងៃច័ន្ទ នៅតាមផ្លូវចេញពីពន្ធនាគារទៅផ្ទះ “ពួកគេមករកខ្ញុំនៅថ្ងៃនេះ ហើយនិយាយថា ពួកគេនឹងនាំខ្ញុំទៅផ្ទះ”។

រូបថតនិងវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញថា អ្នកជាប់ឃុំបានជួបជុំជាមួយសមាជិកគ្រួសាររបស់ពួកគេដែលកំពុងយំ។ រូបភាពផ្សេងទៀតក៏បានបង្ហាញពីការបន្តដំណើររបស់រថយន្តក្រុងដែលចាកចេញពីច្រកចូលខាងក្រោយពន្ធនាគារដោយអ្នកដំណើរផ្អៀងខ្លួនតាមបង្អួច ហើយគ្រវីដៃទៅហ្វូងមនុស្សដែលប្រមូលផ្តុំគ្នានៅខាងក្រៅ។

គួររំលឹកថា អ្នកទោសនយោបាយជាច្រើនទៀត រួមទាំងអ្នកតំណាងរាស្ត្រនិងអ្នកសារព័ត៌មាន ត្រូវបានដោះលែងកាលពីថ្ងៃច័ន្ទ នៅក្នុងទីក្រុងដទៃទៀត រួមមានទីក្រុង Mandalay, Lashio, Meiktila និង Myeik ផងដែរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ